កណ្តាល ៖ កាលពីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយនគរបាលប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញ បានចាប់ខ្លួនមន្ត្រីយោធាម្នាក់ ដោយអនុវត្តតាមដីការបស់តុលាការខេត្តកណ្តាល ពាក់ព័ន្ធនិងករណីក្លែងលិខិត និងប្រើប្រាស់លិខិតក្លែង នៅក្នុងភោជនីយដ្ឋានភូមិកោះកុង ខាងលិចសណ្ឋាគារហូលីដេ សង្កាត់ស្រះចកខណ្ឌដូនពេញ។
នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា មន្ដ្រីយោធារូបនេះ ត្រូវបានកម្លាំងរបស់លោកចាប់ខ្លួនតាមដីការបស់តុលាការ ក្រោយពីជនរងគ្រោះ ប្ដឹងទៅកាន់តុលាការ ហើយលោកមិនបានដឹងពីរឿងលម្អិតនោះឡើយ ដោយបច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានសិន ហើយទើបបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
បើយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកណ្ដាល ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ណុប វុទ្ធី អាយុ៤៥ឆ្នាំ មុខរបរយោធា រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្ដាលខេត្ដកណ្ដាល ក្រោមបទចោទប្រកាន់ក្លែងលិខិត និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្ដនៅភូមិព្រែកហ្លួង កាលពីអំឡុងឆ្នាំ២០១១ និង២០១២មកម្លេះ បើទោះបីតុលាការបានចេញដីកាឲ្យជនសង្ស័យរូបនោះចូលខ្លួនបំភ្លឺ តែជននេះមិនព្រមចូលបំភ្លឺនោះទេ បែរជាព្យាយាមគេចវេសរហូតទល់តែសមត្ថកិច្ចស្វែងរកចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យជាមន្ត្រីយោធារូបនេះ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕