បាត់ដំបង ៖ មុខសញ្ញាដែលជាជនដៃដល់ចាប់នារីក្រមុំរូបស្រស់ម្នាក់ ដែលកំពុងអង្គុយលាងសណ្តែកនៅផ្ទះក្បែរមាត់ស្ទឹងត្រូវកម្លាំងប៉ូលិសចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៥ នេះ ស្ថិតនៅផ្ទះជនសង្ស័យស្ថិតនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះមានកម្លាំងស្រុកសង្កែ, កម្លាំងស្នងការ និងកម្លាំងប៉ូលិសក្រុងបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ កុសល អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងមានប្រពន្ធពោះធំ ។ ជនសង្ស័យដោយដឹងខ្លួនមុននោះ បានព្យាយាមពួនសំងំក្នុងចម្ការ តែត្រូវកម្លាំងប៉ូលិសនាំគ្នាស្វែងរករហូតឃាត់ខ្លួនបានតែម្តង ។ ចំណែកឯនារីរងគ្រោះដែលបាត់ខ្លួនឈ្មោះឆាំ ស្រីរ័ត្ន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅសាលានេតយ៉ង់ ។
បើតាមការសារភាពរបស់ជនសង្ស័យ រូបគេពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះមែន ក្នុងបំណងចាប់រំលោភ តែត្រូវនាងតដៃ និងបានយកកន្ត្រៃមកចាក់ចំពោះរបស់ខ្លួន ។ ពេលនោះ ខ្លួនខឹងក៏វាយដំនាងរហូតដល់សន្លប់ រួចអូសនាងទៅមាត់ស្ទឹងដើម្បីរំលោភ តែឱកាសមិនអំណោយផល ខ្លួនអូសនាងដល់កណ្តាលស្ទឹងទម្លាក់ចោល រួចគេចខ្លួនទៅ ។
ប្រភពបន្តថា រហូតមកដល់ម៉ោងនេះ នារីរងគ្រោះដែលបាត់ខ្លួនឈ្មោះឆាំ ស្រីរ័ត្ន គេនៅមិនទាន់ដឹងថា តើនាងមានវាសនាបែបណានោះទេ តែប្រសិនជានាងស្លាប់មែន ប្រហែលជាអាចអណ្តែតនៅចំណុចណាមួយក្នុងស្ទឹងសង្កែនោះហើយ ។ ករណីនេះត្រូវសមត្ថកិច្ចអះអាងថា គឺជាករណីឃាតកម្មគិតទុកជាមុន ដែលត្រូវដោះស្រាយទៅតាមផ្លូវច្បាប់ ៕