ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រាប់ឲ្យដឹងថា ករណីមន្ត្រីយោធាម្នាក់វាយសម្លាប់ប្រពន្ធ ហើយយកសពដាក់ក្នុងពាងទឹកចាក់សាំងដុតកម្ទេចចោល រហូតមកដល់ពេលនេះ កម្លាំងរបស់លោកកំពុងបើកការស្រាវជ្រាវតាមរកជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង២១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិគ្រឹះរបស់ឧត្តមសេនីមួយរូប ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាក់សាំងដុតមនុស្សនៅក្នុងពាងទឹក ដែលគេដឹងថា បង្កឡើងដោយសារប្តីជាមន្ត្រីយោធាម្នាក់វាយសម្លាប់ប្រពន្ធខ្លួនឯង រួចយកសពទៅដាក់នៅក្នុងពាងទឹកខាងក្រោយផ្ទះហើយដុតចោលសល់តែលលាដ៏ក្បាល។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះ ទឹម សោភា ហៅញ៉ាញ់ អាយុ៣៤ឆ្នាំ មុខរបរគួកជេរដី ស្នាក់នៅផ្ទះលេខ១៤៧ ក្រុម១១ ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាស្ត្រីមេម៉ាយមានកូនស្រី៣នាក់។ ចំណែកជនល្មើសឈ្មោះ សុង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីយោធានៅទីចាត់ការព្រំដែន ស្នាក់នៅបណ្តោះអាសន្ន នៅចំណុចផ្ទះលេខ៤៥៧ ផ្លូវលំ ក្រុម៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគីរីវង្ស ខេត្តតាកែវ បុរសសង្ស័យជាបុរសពោះម៉ាយ មានកូន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។
សមត្ថកិច្ចប្រាប់បន្តទៀតថា កន្លងមកស្ត្រីរងគ្រោះ (សព) និងជនសង្ស័យធ្លាប់បានលួចលាក់ស្នេហា និងស្នាក់នៅជាមួយគ្នា អស់រយៈពេលជាង១ឆ្នាំមកហើយ ហើយអ្នកទាំងពីរតែងតែមកជួបគ្នានៅផ្ទះកើតហេតុ ពីព្រោះជនសង្ស័យជាអ្នកយាមផ្ទះអោយឧត្តមសេនីយ៍មួយរូប។
ប្រភពដដែលបានបន្តទៀតថា មុននៅមុនពេលកើតហេតុ អ្នកទាំងពីរទំនងជាមានការផឹកស៊ីស្រវឹង ហើយក៏ទំនាស់ពាក្យសំដីគ្នា ទើបឈានដល់វាយសម្លាប់ និងយកសពដុតចោលក្នុងពាងទឹកបែបនេះ ពីព្រោះនៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យនៅកន្លែងកើតហេតុឃើញមានគ្រឿងក្លែម និងដបស្រាសេសសល់នៅក្បែរនោះ។
តាមការបំភ្លឺពីស្ត្រីម្នាក់ឈ្មោះ ឈុន ឡាយ ត្រូវជាបងបង្កើតជនសង្ស័យបានប្រាប់សមត្ថកិច្ចថា កាលពីម៉ោង១២:០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្អូនប្រុសរបស់គាត់ (ជនសង្ស័យ) បានទៅផ្ទះរបស់គាត់ ហើយនៅពេលនោះគាត់ឃើញនៅលើផ្ទៃមុខប្អូនគាត់មានស្នាមរលាកភ្លើង ពេលនោះគាត់បានសួរថា មុខឯងត្រូវអីបានជាមានស្នាមភ្លើងឆេះ ពេលនោះជនសង្ស័យត្រូវជាប្អូនប្រាប់វិញថា គេបានសម្លាប់ស្ត្រីជាប្រពន្ធរបស់គេ ដោយយកទៅដាក់ក្នុងពាងចាក់សាំងដុតទៀតផង ក្រោយមកប្អូនគាត់បានផ្តាំផ្ញើឲ្យជួយមើលកូនឲ្យផង ហើយបានដើរចេញទៅក្រៅបាត់។ ក្រោយមកពេលដែលប្តីរបសគាត់ត្រឡប់មកពីធ្វើការវិញ គាត់ក៏បាននិយាយរឿងប្រាប់ ទើបប្តីគាត់បានទូរសព្ទ័ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅកន្លែងកើតហេតុពិនិត្យមើលថា តើកើតមានរឿងនឹងដែរ ឬអត់ ? ។ រហូតដល់វេលាម៉ោង២១:៣០នាទី យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ទើបដឹងថា ករណីនេះកើតឡើងពិតប្រាកដមែន បង្កការភ្ញាក់ផ្អើលតែម្តង។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែនោះបានឲ្យដឹងថា កន្លងមកគេតែងតែឃើញជនសង្ស័យ និងស្ត្រីរងគ្រោះឲ្យតែមានការផឹកស៊ី គឺឮសូរសម្លេងឈ្លោះគ្នារហូត ហើយក្រោយកើតហេតុជនសង្ស័យបានទៅក្នុងភូមិប្រាប់អ្នកភូមិថា គាត់បានសម្លាប់ប្រពន្ធគាត់ហើយ តែអ្នកភូមិមិនចាប់អារម្មណ៍ទេ ព្រោះជនសង្ស័យមានសភាពស្រវឹង។
ក្នុងករណីឃាតកម្មសម្លាប់ដុតក្នុងពាងទឹកនេះ រហូតដល់វេលាម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបសមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះមួយ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ដោយសភាពសពឃើញនៅសល់តែលលាដ៏ក្បាលក្នុងពាងប៉ុណ្ណោះ។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចក៏ប្រគល់ឆ្អឹងឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនឃាតករនោះ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕