ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន២៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ ចែកចាយគ្រឿងញៀន យ៉ាងសកម្មនៅក្នុង៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ និងដកហូតគ្រឿងញៀន ៤៨កញ្ចប់តូច រួមនិងដាវសាំម៉ូរ៉ៃចំនួន៣ដើម។
លោកវរសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយសកម្មភាពចែកចាយ ដែលជាបញ្ហាស្មុគ្រស្មាញ និងមានគ្រោះថ្នាក់បំផុតនោះ លោកបានដឹកនាំកម្លាំងតាមបណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បាន២៤នាក់ ដែលធ្វើសកម្មភាពយ៉ាងសមក្មនៅក្នុង៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដោយដកហូតបានគ្រឿងញៀនចំនួន៤៨កញ្ចប់តូច និងសម្ភារសម្រាប់ជក់មួយចំនួនរួមនិងដាវសាំម៉ូរ៉ៃចំនួន៣ដើម។
លោកវរសេនីយ៍ឯក ប៊ន សំអាត បានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលកន្លងមកនេះ កម្លាំងរបស់លោកបានចុះទៅបង្ក្រាបត្រូវចំណុច ដូចជា នៅតំបន់បឹងឈូក លក្ខណៈទ្រុងទ្រាយធំជាលើកទី៣ ឃាត់ខ្លួនសុរបបានជាង១០០នាក់ កន្លងមកនេះ ដូច្នេះប្រជាពលរដ្ឋបានលើកឡើងថា មានភាពស្ងប់ស្ងាត់មិនសូវមានក្មេងៗពពាក់ពពួនគ្នាដូចមុនៗទៀតប៉ុន្មានឡើយ។
បន្ទាប់ពីធ្វើការបង្ហាញមុខជនសង្ស័យទាំងអស់នេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕