ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុបន្ទាប់ពីគេចខ្លួនពីរថ្ងៃ ក្រោយធ្វើសកម្មភាពសម្លាប់ប្រពន្ធយកសពដុតចោលក្នុងពាង នៅខណ្ឌសែនសុខ ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីយោធារូបនេះឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ មុខរបរជាអ្នកគក់ជេដី ។
សពស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ពាក់ព័ន្ធករណីនេះ លោកស្រី លី សុខហេង អាយុ៥១ឆ្នាំ ជាអ្នករស់នៅក្បែរផ្ទះជនរងគ្រោះបានឲ្យដឹង ថា ឈ្មោះ សុង ទូច និងប្រពន្ធតែងតែមានការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារដោយសារតែឈ្មោះ សុង ទូច ប្រច័ណ្ឌជាមួយនឹងប្រពន្ធរបស់គាត់ដោយមិនសូវលស់ពេលក្នុងថ្ងៃណាឡើយ ។
សាក្សីបន្ថែមថា នៅយប់កើតហេតុវេលាម៉ោងប្រមាណ២៣:៣០នាទី ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្នុងផ្ទះ ។ ប៉ុន្តែអ្នកជិតខាងមិនបានធ្វើអន្តរាគមន៍ទេពីព្រោះពួកគេគិតថាប្ដីប្រពន្ធនេះតែងតែ ឈ្លោះគ្នាបែបនេះ។ ប៉ុន្តែមួយម៉ោងក្រោយមក គេបានឃើញឈ្មោះ សុង ទូច ចាកចេញពីផ្ទះ។ មុនពេលចាកចេញពីផ្ទះ ឈ្មោះ សុង ទូច បាននិយាយប្រាប់អ្នកជិតខាងថា បានសម្លាប់ប្រពន្ធហើយ តែអ្នកជិតខាងមិនជឿនោះទេ ដោយគិតថា ឈ្មោះ សុង ទូច និយាយលេង ។ លុះព្រឹកឡើង ក៏ឃើញសពស្ត្រីរងគ្រោះ ត្រូវគេសម្លាប់ ហើយដុតក្នុងពាងធំដោយនៅសល់តែឆ្អឹងប៉ុន្មានបំណែកប៉ុណ្ណោះ ។
ទោះបីយ៉ាងណា ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានករណីនេះថា បណ្តាលមកពីភ្លើងប្រច័ណ្ឌ ។ រហូតមកទល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចកំពុងសាកសួរចម្លើយជនសង្ស័យ នៅឡើយ ដោយពុំទាន់អាចបញ្ជាក់បានថា ជនសង្ស័យ បានសារភាពយ៉ាងណានោះទេ ៕