កណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅសហការជាមួយមន្ត្រីសាលាអនុគុណខេត្តចាប់ខ្លួនសង្ឃក្លែងក្លាយចំនួន ៥អង្គពេលកំពុងនិមន្តបិណ្ឌបាត្រ កាលពីវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បញ្ជូនទៅសាលាអនុគុណធ្វើពិធីដោះស្បង់ចីវរចេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា សង្ឃក្លែងក្លាយដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ លី ឆែឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិស្ម ឃុំត្រពាំងស្រែក ស្រុកមេសាង ខេត្តព្រៃវែង ទី២-ឈ្មោះ រី ស៊ឺត ភេទប្រុស អាយុ៣១ឆ្នាំ ទី៣-ឈ្មោះ សម្បត្តិ ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ ទី៤-ឈ្មោះ ព្រាប ប្រុសវី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥-ឈ្មោះ ឡុង សាន ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង៤នាក់នេះមានទីលំនៅក្នុងភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនសង្ឃក្លែងក្លាយខាងលើនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន បាត្រលោកចំនួន ៥, ឆ័ត្រតូចចំនួន ៥ ,ស្បង់ចីវរចំនួន ៥កំផ្លេ ,សំពត់ងូតចំនួន ៥ ,ថង់យាមចំនួន ៥ ,សំបុត្របុណ្យកឋិនទានវត្តគិរីវង្សចំនួន ១២សន្លឹក ,ប្រាក់ដុល្លារចំនួន ១០ដុល្លារ និងប្រាក់រៀលចំនួន ១៨៧.៧០០រៀលផងដែរ ។
ប្រភពដដែលបន្តថា នៅវេលាម៉ោប្រមាណជិត១០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកហូរថា មានការសង្ស័យទៅលើព្រះសង្ឃចំនួន៥អង្គនិមន្តបិណ្ឌបាត្រតម្រូវឲ្យប្រជាពលរដ្ឋដាក់បាត្រ ក្នុងម្នាក់ៗ៤ម៉ឺនរៀល ដើម្បីយកបច្ច័យទៅទិញត្រៃយ៍ធ្វើបុណ្យកឋិនទាននៅវត្តក្រពើហារ ។ បន្ទាប់ពីទទួលបានព័ត៌មានរួចមក សមត្ថកិច្ចនគរបាលក្រុងតាខ្មៅសហការជាមួយមន្ត្រីសង្ឃក្នុងសាលាអនុគុណខេត្ត ចុះទៅនិមន្តព្រះសង្ឃចំនួន ៥អង្គទៅកាន់សាលាអនុគុណដែលមានទីតាំងស្ថិតក្នុងនៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ។ ក្រោយពីនិមន្តទៅកាន់សាលាអនុគុណដឹងថា ជាសង្ឃក្លែងក្លាយ ព្រះឃោសធម្ម ញ៉ែម សុភក្ត្រ័ ជាព្រះអនុគុណខេត្តកណ្តាល និងមន្ត្រីសង្ឃក្នុងសាលាគុណ ព្រមទាំងប្រធានការិយាល័យធម្មការក្រុងតាខ្មៅ បានសម្រេចធ្វើពិធីដោះស្បង់ចីវរចេញពីជនសង្ស័យទាំង៥នាក់ខាងលើនេះ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់ ៕