ភ្នំពេញ ៖ លោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការននគរបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ករណីឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រហូតដល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការសាកសួរទៅលើជនសង្ស័យប្រុស ស្រី ចំនួន ៥នាក់ គឺជាជនជាតិចិនដូចគ្នា ដោយមានការចូលរួមពីតំណាងស្ថានទូតចិនផងដែរ។
លោកអធិការខណ្ឌពោធិសែនជ័យ ប្រាប់បន្តថា មូលហេតុដែលនាំឲ្យមានការយឺតយ៉ាវ នៃការសាកសួរពីជនសង្ស័យទាំង៥នាក់នេះ គឺដោយសារបញ្ហារឿងភាសារ ទើបតែថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានតំណាងស្ថានទូតចិន ចូលរួមការសួរនាំ ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់ទទួលបានចម្លើយអ្វី ដែលជាការកត់សម្គាល់នោះទេ ប្រហែលជាថ្ងៃស្អែក ទើបដឹងពីលទ្ធផលជាក់លាក់។
ជនជាតិចិនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរ ក្នុងករណីឃាតកម្មសម្លាប់ទៅលើស្ត្រីជនជាតិចិនដូចគ្នានេះ ទី១.ឈ្មោះ Zeng Wenxuan ភេទប្រុស អាយុ៥៣ឆ្នាំ, ទី២.ឈ្មោះ Yang Peipei ភេទស្រី អាយុ២៤ឆ្នាំ, ទី៣.ឈ្មោះ Xu Fuju ភេទប្រុស អាយុ២២ឆ្នាំ, ទី៤.ឈ្មោះ Zao Chuan ភេទស្រី អាយុ៥០ឆ្នាំ និងទី៥.ឈ្មោះ Luo Zaijun ភេទ ប្រុសអាយុ៤៣ឆ្នាំ ទាំង៥នាក់ មានស្រុកកំណើត នៅខេត្តស៊ីឈួន ប្រទេសចិន។ ចំណែកជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ឈ្មោះ Chen Huaying ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិនដូចគ្នា និងមានស្រុកកំណើត នៅខេត្តស៊ីឈួន ប្រទេសចិនជាមួយគ្នា។
សូមបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង២០:១៥នាទី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានគេសម្លាប់នៅក្នុងបន្ទប់លេខ ២០៦ ជាន់ទី២ នៃអគារក្រុមហ៊ុនអភិវឌ្ឍន៍ និងសាងសង់ តំបន់សេដ្ឋកិច្ច ចិន-កម្ពុជា គ្រុប ដែលមានទីតាំង នៅក្នុង បូរី ញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុភា្លមៗ ដោយឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន ៥នាក់ (ប្រុស ៣នាក់ និងស្រី ២នាក់) នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរ។ ដោយឡែកសពស្ត្រីជនជាតិចិនរងគ្រោះ ក្រោយពីកម្លាំងជំនាញនគរបាលកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យរួចរាល់បានដឹកបញ្ជូនយកទៅតម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យ ដើម្បីធ្វើបំពេញឯកសារដឹកបញ្ជូនបន្តទៅកាន់ប្រទេសដើមកំណើតវិញ។
ពាក់ព័ន្ធទៅករណីនេះផងដែរកន្លងមក លោក គឹម សារុន មន្ត្រីនគរបាលព្រហ្មទណ្ឌធ្លាប់បានប្រាប់ឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៥នាក់នេះ គឺជនសង្ស័យ ឈ្មោះ YANG PEIPEI ភេទស្រី អាយុ ២៤ឆ្នាំ ជាប់សង្ស័យជាងគេ ពីព្រោះខណៈដែលកម្លាំងសមត្ថកិច្ចបានចូលទៅក្នុងបន្ទប់ជនរងគ្រោះនោះ គេឃើញឈ្មោះ YANG PEIPEI នេះ កំពុងតែអង្គុយក្នុងសភាពញ័រញាក់នៅក្បែរនោះ ព្រមទាំងមានកាន់ដំបងនៅនឹងដៃរបស់នាង ព្រមទាំងមានស្នាមឈាមប្រឡាក់សក់ និងក្រចកជើងរបស់នាងទៀតផង ៕