ប.មានជ័យ៖ ពលរដ្ឋខ្មែរ-ថៃ១៥នាក់ ក្នុងនោះពលរដ្ឋខ្មែរ១៤នាក់ ជនជាតិថៃម្នាក់ ដែលជាមេខ្យល់នាំពលរដ្ឋខ្មែរ ចូលដីថៃ ទៅកាប់ឈើគ្រញូងខុសច្បាប់ ត្រូវបានកម្លាំងទាហាប៉ារ៉ាថៃ និងក្រុមអភិរក្សឧទ្យានជាតិប៉ាង ស៊ីដាខេត្តស្រះកែវ ប្រទេសថៃ ចាប់ខ្លួនបានចោទពី បទលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ហើយធ្វើសកម្មភាពកាប់ឈើគ្រញូង នៅក្នុងព្រៃឈើអភិរក្ស ខេត្តស្រះកែវតំបន់ ជាប់និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រួមទាំងវត្ថុតាងឈើគ្រញូង បានមួយចំនួនធំផងដែរ។
មន្ត្រីទំនាក់ទំំនងកម្ពុជា-ថៃបានប្រាប់ឲ្យ ដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ពលរដ្ឋខ្មែរថៃទាំង ១៥នាក់នោះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញ ត្រូវបានសមត្ថកិច្ចថៃ យកទៅឃុំខ្លួនបណ្តោះអាសន្ន នៅឯខេត្តស្រះកែវ រង់ចាំបញ្ចូនទៅកាន់តុលាការ យកទៅអនុវត្តតាមនិតិវិធីច្បាប់ ចំណែកមន្ត្រីយើង មិនអាចជួយអន្តរាគមន៍បានទេ ព្រោះពួកគាត់ទាំងអស់ ទៅបង្កើតបទល្មើសខ្លួនឯង។
តាមព័ត៌មានបានបង្ហើបថា សមត្ថកិច្ចថៃ ដកហូតបានឈើគ្រញូង៤៧ដុំ អាវុធវែង៤ដើម អាវុធខ្លី២ដើម ថ្នាំយ៉ាម៉ា២គ្រាប់ និងកញ្ឆាក្រៀម១កញ្ចប់។
តាមព័ត៌មានបានបន្តថា នៅចំពោះមុខសមត្ថកិច្ច សួរនាំពលរដ្ឋខ្មែទាំង១៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនគឺត្រូវបានឈ្មោះ សាំរួយ ឈុំធៀម ជនជាតិថៃខាងលើ ជួលឲ្យឡើង មកកាប់ឈើគ្រញូងលើភ្នំក្នុងឧទ្យានជាតិខាងលើ ដោយឲ្យថ្លៃឈ្នួល១គីឡូ ២០០បាត តែពេលកាប់ឈើ បានត្រូវជញ្ជូនម្នាក់១ដុំ យកទៅលាក់ទុកក្នុងចំការអំពៅមួយកន្លែង ក្បែរផ្ទះជនជាតិថៃ ខាងលើទើបគេបើកលុយឲ្យ។
មកដល់ពេលនេះពលរដ្ឋខ្មែរ និងពលរដ្ឋថៃម្នាក់ទាំងនោះ និងជនជាតិថៃ ជាមេខ្យល់រួមជាមួយ វត្ថុតាងត្រូវបានតម្រួតថៃ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕