តាកែវ ៖ កាលពីវេលាម៉ោង៥:០០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស៊ីម៉ងត៍បុកជាមួយរថយន្តដឹកភេសជ្ជៈខារ៉ាបាវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរោមមើលជុំជិត នៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតក្នុងភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-7696 ដោយមានដឹកស៊ីម៉ងត៍ពេញរថយន្ត បើកបរដោយយុវជនម្នាក់ ធ្វើដំណើរមកពីទិសខាងត្បូងទៅជើង ពេលធ្វើដំណើរជិតដល់ចំណុចកើតហេតុ បានបើករថយន្តជែងឡើងស្ពានយ៉ាងលឿន លុះដល់ចំណុចកើតហេតុបានបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3C-8004 ជារថយន្តរបស់ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយចំនួន ៤នាក់ បណ្តាលឲ្យអ្នកបើកបររថយន្តដឹកស៊ីម៉ងត៍គៀបស្លាប់នៅក្នុងរថយន្ត ចំណែកអ្នកបើកបររថយន្តក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ និងអ្នករួមដំណើរ ៣នាក់ បានគៀបស្លាប់ រីឯម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបររថយន្តដឹកស៊ីម៉ងត៍មានឈ្មោះ ទឹម សុខវើន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិដូនទួត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់)។ ចំណែកអ្នកបើកបររថយន្តក្រុមហ៊ុនខារ៉ាបាវ មានឈ្មោះ សុង អូន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិថ្មពេជ ឃុំថ្មពេជ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់) និងអ្នករួមដំណើរជាមួយមានគ្នា ៤នាក់៖ ទី១.ឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុនខារ៉ាបាវ (ស្លាប់), ទី២.ឈ្មោះ ធា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ (ស្លាប់) អ្នកទាំងពីររស់នៅភូមិជុក ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ទី៣.ឈ្មោះ ហួន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅខេត្តស្វាយរៀង (ស្លាប់) និងទី៤.ឈ្មោះ ស៊ី ណាវុន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់ចោមចៅ ខណ្ឌចោមចៅ រាជធានីភ្នំពេញ រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កើតឡើង កម្លាំងជំនាញនគរបាលស្រុក ចុះធ្វើការវាស់វែង និងធ្វើកំណត់ហេតុដកហូតវត្ថុតាងរថយន្តទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕