កណ្ដាល៖ គ្រូបង្រៀនភាសាអង់គ្លេសជានារីម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់កាលពីវេលាម៉ោង០៦:០៨នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវលំដីចំការក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផែន សុភាវី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាប៊ែលធីក្រុងតាខ្មៅ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានប្រជាពលរដ្ឋទៅចំការប្រទះឃើញដេកស្លាប់ នៅចំណុចខាងលើ កាលពីវេលាម៉ោង០៦:០៨នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយក៏រាយការណ៍មកសមត្ថកិច្ចនគរបាល។
ក្រោយទទួលព័ត៌មាននេះ សមត្ថកិច្ចនគរបាលស្រុក រួមនិងគ្រូពេទ្យឃុំ បានធ្វើការ ពិនិត្យសព ឃើញមានស្នាមមុតចំនួន២៨កន្លែង សាកសពអាចស្លាប់នៅចន្លោះម៉ោងពី២០:០០នាទី ទៅម៉ោង២៣:០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាបូបស្ពាយខ្នងចំនួន០១ ទូរស័ព្ទដៃម៉ាកសាំសុង០១គ្រឿង មួកសុវត្ថិភាពចំនួន០១ បញ្ជីជាតិ ព្រមទាំងឯកសារមួយចំនួនទៀត។
បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕