បាត់ដំបង ៖ រយៈពេល៥ថ្ងៃ កម្លាំងនគរបាលខេត្តបាត់ដំបង បំបែកសំណុំរឿងឃាតកម្មឈានដល់ការចាប់ឃាត់ខ្លួននាយទាហានម្នាក់ ពាក់សក្តិ៣ ដែលសង្ស័យជាប់ពាក់ព័ន្ធនិងអំពើបាញ់សម្លាប់ទៅលើមន្ត្រីយោធាម្នាក់ នៅស្រុកភ្នំព្រឹក កាលពីកន្លងទៅថ្មីៗនេះ។ ជនសង្ស័យឈ្មោះ នី នឿន ភេទប្រុស អាយុ៥១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសន្តិភាព ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រកបមុខរបរជាយោធា មានមុខងារមេបញ្ជាការរង គ២ នៃអង្គភាពវរៈយោធា ៥៣៤ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននករបាលខេត្តបាត់ដំបង សហការជាមួយនិងនគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៦:១៨នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវសាធារណៈមួយកន្លែង ក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យកំពុងតែធ្វើដំណើរនៅលើផ្លូវសាធារណៈ។
ប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យនោះដែរ សមត្ថកិច្ចឆែកឆេររកឃើញដកហូតវត្ថុតាងអាវុធខ្លី ធុនកា៥៤ ១ដើម គ្រាប់ចំនួន១៦គ្រាប់ និងបង់២ផងដែរ។
ជុំវិញនៃរឿងហេតុអំពើឃាតកម្មនោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌប្រាប់ឲ្យដឹងថា ផ្តើមឡើងពាក់ព័ន្ធនិងរឿងស្នេហាត្រីកោណ ដោយជនរងគ្រោះបានមានទំនាក់ទំនងមានស្នេហាលួចលាក់ជាមួយនិងប្រពន្ធជនសង្ស័យ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦:៤០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពវរៈការពារព្រំដែន៥៣៣ ចំណុះឲ្យកងពលតូចលេខ៥៣ មានឈ្មោះ លី គឹមឈុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខប្រើប្រាស់កាំភ្លើងបាញ់១គ្រាប់ ត្រូវចំក្រោមត្រចៀកខាងស្តាំធ្លាយដល់ក្រោមត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់មួយរំពេច ខណៈដែលជនរងគ្រោះកំពុងដេកនៅក្នុងខ្យុសខាងមុខផ្ទះ ចំណែកប្រពន្ធកូនវិញទៅលក់ដូរនៅក្នុងវត្ត។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ក្រោយពីជនល្មើសបាញ់សម្លាប់ជនរងគ្រោះរួចហើយរត់គេចខ្លួនបាត់ បន្ទាប់មកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយរាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យសាកសពឃើញថា ជនរងគ្រោះត្រូវបានឃាតករបាញ់សម្លាប់ដោយកាំភ្លើងខ្លី។ លុះក្រោយពីកើតហេតុកម្លាំងនគរបាលខេត្តបាត់ដំបង ដោយមានការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចាត់លោកឧត្តមសេនីយត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ចុះតាមដានស្រាវជ្រាវស៊ើបអង្កេតលើសំណុំរឿងឃាតកម្មខាងលើ ទើបនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាលធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់ ៕