កណ្តាល ៖ ករណីចាក់សម្លាប់មិត្តស្រីរបស់ខ្លួនចំនួន២៨កាំបិត ព្រោះតែរឿងបង្ខំអោយចុះអេតាស៊ីវិលជាមួយគ្នា ដែលជនល្មើសគឺជាមិត្តប្រុសនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោកសាយ សម្ភស្សសេរី ចេញដីការសម្រេចឃុំខ្លូនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ កាលពីវេលាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ការសម្រេចឃុំខ្លួនបុរសជាសង្សារខាងលើ ធ្វើឡើងបន្ទាប់ពី ជនរូបនេះត្រូវបានព្រះអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលធ្វើការចោទប្រកាន់ ពីបទ « ឃាតកម្មគិតទុកជាមុន » តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។ យោងតាមបទចោទនេះដែរ បុរសជាសង្សារ អាចជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញ ថា មានពិរុទ្ធភាព ដូចការចោទប្រកាន់ពិតមែននោះ ។
សូមបញ្ជាក់ជនជាប់ចោទមានឈ្មោះ រម្យ សុងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៃវិទ្យាស្ថានប៊ែលធីអន្តរជាតិ សាខាក្រុងតាខ្មៅ ហើយបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិក្រពើហា សង្កាត់ ព្រែកឬស្សី ក្រុងខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីជាសង្សារដែលត្រូវចាក់សម្លាប់ មានឈ្មោះ ផែន សុភាវី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាដូចគ្នាជាមួយ បុរសជាសង្សារ ឬជនល្មើស ហើយបច្ចុប្បន្នមានទីលំនៅ ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
គួររំលឹកថា កាលពីវេលាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចដីឡូតិ៍គ្មានលេខមួយកន្លែងស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីអ្នកស្រុករស់នៅក្បែរទីនោះ បានប្រទះឃើញសពនារីម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័មបំផុត ដោយសភាពសពត្រូវបានឃាតកម្មចាក់សម្លាប់ដោយវត្ថុចុងស្រួចជាច្រើនកន្លែង បណ្តាលអោយស្លាប់ក្នុងថ្លុងឈាមតែម្តង ។ ភ្លាមនោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ នឹងធ្វើកោសល្យវិច្ច័យលើសាកសព ដើម្បីរកភ័ស្តតាងបន្ថែម ក្នុងការតាមចាប់ខ្លួនជនដៃដល់ ។
នៅវេលាម៉ោង ១២ និង ០០នាទីថ្ងៃខែឆ្នាំដដេលនោះ សមត្ថកិច្ចស្រុងស្អាង សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រឿង ណារ៉ា ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌ បានចុះទៅឆែកឆេរបន្ទប់ជួលរបស់បុរសជាសង្សារ នៅចំណុចភូមិភូមិក្រពើហា សង្កាត់ ព្រែកឬស្សី ក្រុងខ្មៅ ខេត្តកណ្តាល ដោយសង្ស័យថា ការស្លាប់របស់នារីជាសង្សារអាចមានជាប់ពាក់ព័ន្ថនឹងរូបគេ ។ លោកឧត្តមសេនីយ៍ត្រីរឿង ណារ៉ា បានប្រាប់អោយដឹងថា ដោយយោងតាមសម្តីរបស់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ផ្ទះជួល បានប្រាប់សមត្ថកិច្ចថា ឈ្មេាះរម្យ សុងហេង កាលពីយប់ថ្ងៃកើតហេតុ គឺមិនបានត្រឡប់មកផ្ទះទេ ទើបតែឃើញមកដល់ នៅវេលាថ្ងៃត្រង់នេះបន្តិច ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យរូបនេះ បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរនាំបន្ថែមជុំវិញករណីឃាតកម្មខាងលើ ។
ក្រោយការសាកសួរពីសមត្ថកិច្ចជំនាញ ទៅកាន់ជនសង្ស័យ អស់ជិត៣ម៉ោងរួចមក នៅវេលាម៉ោង១៥ និង៣០ នាទីល្ងាចថ្ងៃខែដដែល ជនល្មើសបានឆ្លើយសារភាព ថា ខ្លួនពិតបានសម្លាប់ នារីជាសង្សារ ពិតប្រាកដមែន ដោយកាំបិតចុងស្រួចមួយដើម ។
ជនសង្ស័យបន្តថា មូលហេតុដែលនាំរូបគេសម្រេចបញ្ចប់និស្ស័យជាមួយនារីសង្សារទៅដោយបែបនេះ គឺដោយសារ រូបគេសំុចែកផ្លូវគ្នា ហើយត្រឡប់ទៅរកមិត្តស្រី់ដើមវិញ តែត្រូវបាននារីជាសង្សារបដិសេធ ហើយថែមទាំងបង្ខិតបង្ខំអោយចុះអេតាស៊ីវិល ជាមួយគ្នាទៀត បើពុំដូច្នេះទេ រូបនាងនឹងប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបុរសជាសង្សារ រឿងធ្លាប់រួមដំណេកជាមួយគ្នា ៕