កណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុក ចុះធ្វើការបង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែង នៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ឃាត់ខ្លួនបានអ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ដកហូតមាន់ជល់ខ្នាយដែកចំនួន២ក្បាល ,ជញ្ជីងចំនួន១ ,កន្ត្រកមាន់ចំនួន២ និងបង់សម្រាប់រុំខ្នាយមាន់មួយចំនួន កាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់នោះ ទី១-ឈ្មោះ អ៊ុក មីនពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ, ទី២-ឈ្មោះ ថេង វៃ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអ្នកលក់ដូរ, ទី៣-ឈ្មោះ ណង សីហា ហៅរស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបកម្មករសំណង់, ទី៤- ឈ្មោះ សេង រិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរអ្នកលក់ដូរ។ ទាំង៤នាក់នេះ មានទីលំនៅក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង និងទី៥-ឈ្មោះ មាស សុងថុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកអធិការបានបន្តថា នៅមុនពេលបើកប្រតិបត្តិការបង្ក្រាបខាងលើនេះ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ រស់នៅក្នុងភូមិសាស្ត្រឃុំកោះខ្សាច់ទន្លាថា នៅភូមិក្បាលកោះកើត មានគេបើកសង្វៀនជល់មាន់ដោយលួចលាក់។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមក លោកបានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ចុះឆ្មក់បង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានអ្នកញៀនល្បែងជល់មាន់ចំនួន៥នាក់ ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់ទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់។ ក្រោយពីធ្វើការឃាត់ខ្លួនបានអ្នកញៀនល្បែងជល់មាន់រួចមក សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនអ្នកញៀនល្បែង និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួររកម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះយកមកផ្តន្ទាទោសតាមច្បាប់ ៕