បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៥ នគរបាលខេត្តបាត់ដំបង បានចាប់បញ្ជូននាយទាហានម្នាក់បំរើការងារនៅក្នុងអង្គភាពបញ្ជាការដ្ឋានរថក្រោះបាញ់បោះសេរីនៅហាងខារ៉ាអូរខេព្រីនសេស ទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ ។
នាយទាហានម្នាក់ដែលគេស្គាល់ឈ្មោះ រ័ត្ន សេរីបញ្ញា អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធាក្នុងអង្គភាពបញ្ជាការដ្ឋានរថក្រោះ បានផឹកស្រាស្រវឹងក្នុងហាងខារ៉ាអូរខេហើយប្រើប្រាស់កាំភ្លើងខ្លីម៉ាកឡុកផលិតនៅប្រទេសចិនចំនួន១ដើម បាញ់បោះសេរីដោយ ខឹងបាត់ទូរស័ព្ទដៃទំនើប១គ្រឿងម៉ាកអាយហ្វូន នៅក្នុងបន្ទប់ខារ៉ាងូរខេ ព្រីនសេសស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១០:៤៥នាទីយប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងនារីបំរើការងារក្នុងហាងខារ៉ាអូរខេនោះនាំគ្នារត់ចេញពីបន្ទប់ដើម្បីរកទីសុវត្ថិភាព ។
ក្រោយពីបង្កហេតុនោះភ្លាមកម្លាំងនគរបាលខេត្តបាត់ដំបងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងចេញទៅចាប់ឃាត់ខ្លួននាយទាហានរូបនោះបានទាន់ពេលវេលា ហើយបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកមកសាកសួរនិងបំពេញសំណុំរឿងអនុវត្តតាមផ្លូវច្បាប់ ។
ជុំវិញនៃហេតុការណ៍ខាងលើបើតាមប្រភពព័ត៌មានពីនគរបាលខេត្តបាត់ដំបងប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមន្ត្រីយោធាខាងលើដោយមានគ្នា៣នាក់បាននាំគ្នាចូលផឹកស៊ី និងច្រៀងខារ៉ាអូរខេ ហើយហៅស្រីៗបំរើការងារនៅទីនោះមកអង្គុយលេង ផឹកស៊ីនិងច្រៀងកម្សាន្តលេង ។ លុះការផឹកស៊ីបានជិត១ម៉ោង ស្រាប់តែមន្ត្រីយោធារូបនោះស្រែកឆោឡោថាបាត់ទូរស័ព្ទដៃ១គ្រឿងក្នុងចំណោមទូរស័ព្ទ២គ្រឿងដែលគេដាក់លើតុក្នុងបន្ទប់ខារ៉ាអូរខេ មិនដឹងទៅណាក្រោយពីមានការចេញចូលពីសំណាក់មេកានិងនារីបំរើការងារនៅក្នុងបន្ទប់ខារ៉ាអូរខេ ។ ក្រោយពីបាត់ទូរស័ព្ទនោះហើយសួរនាំគ្មានអ្នកណាដឹង ក៏ធ្វើឲ្យមន្ត្រីយោធារូបនោះខឹង ហើយក៏ទាញកាំភ្លើងខ្លីបាញ់១គ្រាប់ឡើងលើក្នុងបន្ទប់ខារ៉ាអូរខេបង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នោះបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចរកឃើញថាមន្ត្រីយោធារូបនោះពិតជាបាត់ទូរស័ព្ទដៃម៉ាកអាយហ្វូននោះមែន ។ ជុំវិញបញ្ហានេះ សមត្ថកិច្ចកំពុងតែបន្តការតាមដានស្រាវជ្រាវបន្ថែមទៀត ។
សូមបញ្ជាក់ថាកាលពីមួយសប្ដាហ៍មុន ជននេះបានមកផឹកស៊ី និងច្រៀងខារ៉ាអូខេនៅទីនោះម្តងរួចមកហើយ។ ប៉ុន្តែដោយសារតែមានការខ្វះលុយមួយចំនួន ទើបគេធ្វើជាភ្លេចកាំភ្លើងខ្លីម៉ាកឡុកចិននៅ បន្ទប់ខារ៉ាអូខេហើយក៏ត្រូវបានម្ចាស់ហាងខារ៉ាអូរខេយករក្សាទុកឲ្យ។ លុះល្ងាចឡើងទើបគេមកសួររកកាំភ្លើង ហើយត្រូវបានថៅកែហាងប្រគល់កាំភ្លើងឲ្យវិញនិងថែមទាំងសងប្រាក់ថ្លៃជំពាក់នោះទៀតផង ។ នៅថ្ងៃកើតហេតុខាងលើ ជននេះមកចូលច្រៀងម្តងទៀត បង្កឲ្យកើតហេតុការណ៍មានការផ្ទុះអាវុធបែបនោះតែម្តង ៕