ភ្នំពេញ ៖ មុខសញ្ញាពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ជាង១គីឡូក្រាម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពី រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេតរកមេខ្លោងម្នាក់ទៀតដែលគេចខ្លួនបាត់ ។
មុខសញ្ញាពីរនាក់នេះឈ្មោះ ឌីន មិនហ៊ូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និង ឈ្មោះ សែម សាយ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បានត្រូវសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្បែរមន្ទីរពេទ្យជោរៃភ្នំពេញ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងមុខសញ្ញាពីរនាក់នេះ បានណាត់ជួប មុខសញ្ញាម្នាក់ទៀតដែលជាមេខ្លោងជួញដូរគ្រឿងញៀន ខាងកើតមន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីទិញគ្រឿងញៀន ទៅតាមតម្លៃដែលបានចរចារគ្នារួចហើយ ។ ពេលកំពុងធ្វើសកម្មភាព មុខសញ្ញាជាមេខ្លោង ដឹងថា មានសមត្ថកិច្ចតាមបង្ក្រាបក៏បានបើករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2K 9882 យ៉ាងលឿនគេចពីសមត្ថកិច្ចបណ្តាលឲ្យ ធ្លាក់ផ្លូវទៅមុខលែងរួច ហើយមុខសញ្ញាគេចខ្លួនបាត់ បន្សល់ទុករថយន្តនេះ ។
ក្នុងពេលឆែកឆេរក្នុងរថយន្ត សមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៣ដុំ ទម្ងន់ជាង១គីឡូក្រាម ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមុខសញ្ញាពីរនាក់ រួចបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួររកអត្តសញ្ញាណមេខ្លោង ដែលគេចខ្លួនបាត់ ៕