សៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួននិងធ្វើការសាកសួរ អ្នកសារព័រមាន ៣នាក់នៃអង្គភាពសារព័ត៌មាន ដែលមិនធ្លាប់ត្រូវបានបោះពុម្ពផ្សាយទាល់តែសោះ អស់រយៈពេលបីម៉ោង បន្ទាប់ពីពួកគេបានធ្វើសកម្មភាពទារប្រាក់ពីឧត្តមមន្ត្រីសំខាន់ៗ និង ឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីឈ្មោះមួយចំនួន ដែលបាន ចូលរួមអបអរសាទរនៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងទីរួមខេត្តសៀមរាប កាលពីល្ងាចថ្ងៃច័ន្ទ ក្នុងម្នាក់ៗពី ៥០ ដុល្លារទៅ ២០០ ដុល្លារ ជាថ្នូរនឹងការផ្ដល់រូបថត ដែលមានដាក់ស៊ុមកញ្ចក់មួយផ្ទាំង។
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានប្រាប់កាលពីម្សិលមិញថា អ្នកសារព័ត៌មាន ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនធ្វើការសួរនាំទាំងបីនាក់នោះ រួមមានឈ្មោះ មាស ដារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ ជាអ្នកយកព័ត៌មានកាសែត «គតិបណ្ឌិតខ្មែរ», ឈ្មោះ មាស ធារី ភេទស្រី អាយុ ៣០ ឆ្នាំ ជាអ្នកយកព័ត៌មានកាសែត «កម្ពុជាដើម្បីសន្តិភាព» និង ម្នាក់ទៀតឈ្មោះ ហេង វណ្ណឌី ភេទប្រុស អាយុ ២៨ ឆ្នាំ មកពីអង្គភាពកាសែត «សេរីភាពកម្ពុជា»។ អង្គភាពសារព័ត៌មានទាំងបីមានទីតាំងស្ថិតនៅស្រុកកៀនស្វាយខេត្ត កណ្ដាល។
លោកបានថ្លែងទៀតថា៖ «ពួកគេត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបង្ខំឲ្យម្ចាស់រូបថត ដែលភាគច្រើនជាឧត្តមមន្ត្រី, ឧកញ៉ា និង អ្នកជំនួញល្បីៗ ទទួលយករូបថតដែលពួកគេបានថតនិងដាក់ស៊ុម ក្នុងតម្លៃមួយយ៉ាងខ្ពស់ គឺចន្លោះពី ៥០ ដុល្លារទៅ ២០០ ដុល្លារ ដែលអំពើនេះបានប្រាសចាកទាំងស្រុងទៅនឹងក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន»។
លោកបានប្រាប់ឲ្យដឹងទៀតថា ក្រៅពីអ្នកសារព័ត៌មានទាំងបីខាងលើនេះ នៅមានអ្នករកស៊ីថតរូបចំនួន ៦ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនផងដែរ កាលពីល្ងាចថ្ងៃច័ន្ទ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពស្រដៀងគ្នាទៅនឹងអ្នកសារព័ត៌មានទាំងបីខាងលើនេះ។
ទោះជាបែបណាក្ដី ពួកគេទាំងអស់ត្រូវបានដោះលែងឲ្យត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ បន្ទាប់ពីបានធ្វើការអប់រំ ហើយក្រោយពីពួកគេបានយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាព ចាប់បង្ខំឲ្យម្ចាស់រូបភាពបង់លុយ បែបនេះតទៅទៀត៕