កណ្តាលៈ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយសារតែបុរសជាប្តីខ្វះការពិចារណា បានទាញយកញញូរវាយក្បាលស្ត្រីប្រពន្ធ បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់ក្នុងថ្លុកឈាម បន្ទាប់មកបុរសជាប្តីបានយកកាំបិតចុងស្រួចចាក់ប្រហារខ្លួនឯងបណ្តាលឲ្យរងរបួសផងដែរ បន្ទាប់ពីមានហេតុការណ៍កើតឡើងជនដៃដល់ជាប្តី និងស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកស្អាង តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យប្រតិបត្តិស្រុកស្អាងបានសម្រេច បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង ៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ដោយសារបុរសជាប្តីខឹងស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យកោះហៅខ្លួន យកទៅធ្វើការអប់រំជុំវិញករណីប្រើហិង្សាក្នុងគ្រួសារ កាលពីល្ងាចថ្ងៃទី២៤ កន្លងទៅ ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ គ្រី តិចអ៊ីម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់-ដូរ (រងរបួសក្បាល ,ភ្នែក និងកញ្ចឹង.ក) ។ ចំណែកឯជនដៃដល់ជាប្តីឈ្មោះ សុន សុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាសន្តិសុខក្រុមហ៊ុនឯកជន (រងរបួសលើកញ្ចឹង.ក១កន្លែង) ។ ស្ត្រីរងគ្រោះ និងជនដៃដល់ បានចាប់ដៃគ្នាជាប្តី-ប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមានកូន២នាក់បច្ចុប្បន្នរស់នៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ។
លោកអធិការបន្តថា នៅវេលាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនដៃដល់ជាប្តីមានសភាពស្រវឹងស្រាបានស្រែកឡូឡាជេរប្រមាថទៅលើស្ត្រីជាប្រពន្ធ ព្រមទាំងបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបែកខ្ទេចខ្ទីគ្មានសល់ ។ ដោយខ្លាចបុរសជាប្តីធ្វើសកម្មភាពបែបនេះបន្តទៀតស្ត្រីជាប្រពន្ធ ក៏បានទៅដាក់ពាក្យបណ្តឹងចូលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយនៅថ្ងៃទី២៥ ខែឆ្នាំដដែល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ហៅប្តីរបស់ខ្លួនទៅធ្វើការអប់រំណែនាំបញ្ឈប់សកម្មភាពបន្តទៀត ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធរួចមក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចេញលិខិតកោះហៅជនសង្ស័យជាប្តីឈ្មោះ សុន សុង ឲ្យចូលខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ ។
ក្រោយពីទទួលបានលិខិតកោះហៅរបស់សមត្ថកិច្ចនគរបាលរួចមក ជនសង្ស័យបានផ្ទុះកំហឹងយ៉ាងខ្លាំងស្រែកជែរប្រមាថ និងចាប់ស្ត្រីជាប្រពន្ធវាយក្បាលដោយញញួរបណ្តាលឲ្យរងរបួសក្បាល ។ មិនតែប៉ុណ្ណោះជនដៃដល់ជាប្តីបានយកកាំបិតចុងស្រួចចាក់ប្រហារទៅកញ្ចឹង.កស្ត្រីជាប្រពន្ធមួយកាំបិតទៀត រហូតសន្លប់ដេកដួលក្នុងថ្លុកឈាម បន្ទាប់មកជនដៃដល់ជាប្តីបានយកកាំបិតចុងស្រួចចាក់ប្រហារទៅលើកញ្ចឹង.កខ្លួនឯង បណ្តាលឲ្យរងរបួសដេកសន្លប់ក្នុងថ្លុកឈាមផងដែរ ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ថា ករណីហិង្សាក្នុងគ្រួសារខាងលើនេះសមត្ថកិច្ចនគរបាលនៅពុំទាន់ទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារស្ត្រីរងគ្រោះនោះទេ តែទោះបីជាបែបណាក្តីលោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញយុត្តិធម៌ ចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ ដើម្បីរាយការណ៍ជូនលោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ចំណាត់ការយ៉ាងណានោះលោកនៅពុំទាន់ដឹងនៅឡើយ ព្រោះទុកឲ្យលោកព្រះរាជអាជ្ញាជាអ្នកសម្រេច ៕