ខេត្តកំពង់ចាម៖ យុវជនម្នាក់បាន រងរបួសយ៉ាងធ្ងន់ធ្ងរដោយសារមិត្តភក្រ័ដែលបានរួមផឹកទឹកត្នោតជូរ ក្លែមសាច់ឆ្កែ ជាមួយគ្នា យកប្រនង់វាយបែកលលាដ៍ក្បាលជាច្រើនកន្លែង ហើយស្លាប់នៅពាក់កណ្តាលផ្លូវខណៈពេលក្រុមគ្រួសារ ព្យាយាមបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ ចំណែកជនដៃដល់ក្រោយធ្វើសកម្មភាព បានកំពុងព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ គឺជនដៃដល់មានចំនួន២នាក់ជាបងប្អូនបង្កើតនិងគ្នា និងកំពុងតាមចាប់ខ្លួន នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ផេន សុផល ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខ វត្ត កណ្ដាលកោះ ស្ថិត ក្នុងភូមិទី10 ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថន វុត្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី៥ ឃុំ កោះសូទិន ស្រុក កោះសូទិន។
ជនរងគ្រោះបានរងរបួសក្បាលជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវជនដៃដល់វាយនិងប្រនង់ឈើ ហើយត្រូវបានក្រុមគ្រួសារព្យាយាមដឹកទៅសង្គ្រោះព្យាបាលនៅបទេសវៀតណាមប៉ុន្តែបានស្លាប់នៅវេលាម៉ោង០និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩នេះ ហើយបច្ចុប្បន្នត្រូវបានក្រុមគ្រួសារដឹកមកធ្វើបុណ្យនៅស្រុកកំណើត។ សមត្ថកិច្ចក៏បានបញ្ជាក់ដែរថាមូលហេតុដែលនាំអោយកើតអំពើហិង្សារនេះកើតឡើងដោយសារ ពេលផឹកទឹកត្នោតជូរក្លែមសាច់ឆ្កែនោះឌឺដងពាក្យសំដីដាក់គ្នា។ ចំណែកក្រុមជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយៈ ហ៊ាង អ៊ាមហ៊ុយ