ប្រធាន​សន្តិសុខ​ក្លឹប​កំសាន្ត SH ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​នារី​ខា​រា​អូ​ខេ​យ៉ាងដំណំ​

30-November-2015 | ដោយ ពល រាជសី

​កំពង់ឆ្នាំង​៖​ ​ប្រធាន​សន្តិសុខ​នៅ​ក្លឹប​កំសាន្ត S H ដែលមាន​ឈ្មោះ ជា​ប៊ុនធឿន រង​ការចោទប្រកាន់ថា​បាន​វាយដំ​ទាត់​ធាក់ ទះកំភ្លៀង ទៅលើ​នារី​ខា​រា​អូ​ខេ​ម្នាក់​ធ្វើការ​ក្នុង​ក្លឹប​ខាងលើ រហូតដល់​បាក់ធ្មេញ និង​ចេញឈាម​តាម​ច្រមុះ និង​មាត់ រងរបួស​យ៉ាងដំណំ ក្រោយពី​រូបនាង​បាន​ឈ្លោះប្រកែក​ជាមួយ​ភ្ញៀវ​ម្នាក់​ដែល​នាង​បាន​អង្គុយ​កំដរ​ក្នុង​ក្លឹប​រួចមក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​០៨​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​មុខ​ក្លឹប​កំសាន្ត​SH ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​តាម​សាក្សី​ជា​ភ្ញៀវ​ដែល​ទៅ​កំសាន្ត និង​នារី​ខា​រា​អូ​ខេ​នៅ​ក្លឹប​រាត្រី​នេះ​បាន​អះអាងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ពួកគេ​បានឃើញ​សន្តិសុខ​ជាច្រើន​នាក់ និង​ឈ្មោះ ជា ប៊ុនធឿន បាន​អូស​នារី​ខា​រា​អូ​ខេ​រងគ្រោះ​ចេញមកក្រៅ ហើយ​ឈ្មោះ ជា ប៊ុនធឿន បាន​វាយ​ទះតប់​ទៅលើ​នារី​រងគ្រោះ​ឈ្មោះ ស្រស់ នៅក្នុង​បរិវេណ​ខាងមុខ​ក្លឹប​ជាច្រើន​ដៃ​ធ្វើអោយ​នាង​បាក់ធ្មេញ និង​ចេញឈាម​តាម​ច្រមុះ និង​មាត់​។​
​ ​
​ដោយឡែក​ឈ្មោះ ជា ប៊ុនធឿន ជា​ប្រធាន​សន្តិសុខ​នៅក្នុង​ក្លឹប​កំសាន្ត​នោះ បាន​បំភ្លឺ​អោយដឹងថា នៅវេលា​នោះ គាត់​និង​កូនចៅ​ប្រមាណ​ពី​៥​ទៅ​៦​នាក់​បាន​អូស​នារី​ឈ្មោះ ស្រស់ នោះ​ចេញមក​ខាងក្រៅ​ពិតមែន បន្ទាប់ពី​នាង​បាន​ឈ្លោះ​ជាមួយ​ភ្ញៀវ​ប្រុស​ម្នាក់​នៅក្នុង​ក្លឹប តែ​មិនបាន​វាយ​ទះតប់​ទៅលើ​រូបនាង​ដូច​ការចោទប្រកាន់​ឡើយ​។​
​ ​
​តែ​ទោះជា​មានការ​បំភ្លឺ​ពី​ប្រធាន​សន្តិសុខ​ក្លឹប​យ៉ាងនេះ​ក្តី ក៏​នារី​ខា​រា​អូ​ខេ​ជាច្រើន​នាក់​នៅ​ទីនោះ បាន​សំណូមពរ​មន្ទីរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​អោយជួយ​ស្រាវជ្រាវ​រក​យុត្តិធម៌​ក្នុងករណីនេះ ចំណាត់ការ​ទៅតាម​នីតិវិធី​ផង ព្រោះ​ឈ្មោះ ជា ប៊ុនធឿន កន្លងមក​តែងតែ​គំរាម​វាយដំ​ទៅលើ​នារី​ទន់ខ្សោយ​ធ្វើការ​នៅក្នុង​ក្លឹប និង​ខា​រា​អូ​ខេ​ជាច្រើនលើក​ច្រើនសារ​៕

ចំនួនអ្នកទស្សនា

    19598637

  • ថ្ងៃនេះ3001
  • ម្សិលមិញ3321
  • សប្តាហ៍នេះ14861
  • ខែនេះ34931
  • ឆ្នាំនេះ371191
  • សរុប19598637