ភ្នំពេញ ៖ កាលពីវេលាម៉ោង១២:១០នាទី យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចោរប្លន់ប្រដាប់អាវុធបានបាញ់មួយគ្រាប់គំរាម និងវាយជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូស្តុបពី មួយគ្រឿង បានសម្រេចហើយគេចខ្លួនដោយសុវត្ថិភាព នៅចំណុចផ្លូវបេតុងក្រោយធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
យុវជនរងគ្រោះ៣នាក់ ប្រុសពីរនាក់ស្រីម្នាក់ ដែលជួបហេតុការណ៍អំពើប្លន់ខាងលើនេះ សុំមិនបញ្ចេញឈ្មោះ បាននិយាយថាមុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿង ម៉ាកស្តុបពី ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 1CL- 6062 ដោយជិះឌុបគ្នាចេញពីលំនៅឋានរបស់គេ ឆ្ពោះទៅម្តុំពេទ្យលោកសង្ឈ ដើម្បីទៅរកទិញថ្នាំព្យាបាល ព្រោះគេមិនស្រួលខ្លួន លុះពេលពួកគេជិះត្រលប់មកផ្ទះវិញ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមចោរប្លន់ប្រដាប់អាវុធ ២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាកស្តុបពី ពណ៌ស មិនចាំស្លាកលេខ បានតាមកៀរឲ្យឈប់ ហើយសំឡុតប្លន់យកម៉ូតូ។ ប៉ុន្តែពេលនោះ រូបគេមិនបានឲ្យម៉ូតូទៅក្រុមចោរតាមសម្រួលទេ ទើបកើតមានការប្រទូសរ៉ាយគ្នាឡើង ជាហេតុធ្វើឲ្យក្រុមចោរប្លន់ដែលមានអាវុធជាប់ដៃនោះស្ទុះទៅវាយក្បាលមិត្តភ័ក្រម្នាក់ទៀតបណ្តាលឲ្យបែកក្បាលហូរឈាម។ មិនត្រឹមតែប៉ុណ្ណោះក្រុមចោរក៏បានដកកាំភ្លើងបាញ់គំរាមចំនួន១គ្រាប់ ឡើងលើ ធ្វើឲ្យពួកគេភ័យពេកក៏ព្រមប្រគល់ម៉ូតូឲ្យទៅក្រុមចោរនោះ ជិះចេញទៅបាត់ស្រមោលតែម្តង។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីចុះមកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។ ភ្លាមៗនោះសមត្ថកិច្ចសមត្ថកិច្ចបានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលបឹងទំពុន ដើម្បីដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ។
សូមរំឭកថា មួយរយៈនេះអំពើឆក់ប្លន់នៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដែលជាសង្កាត់ពីរមានព្រំប្រទល់ជាប់គ្នា និងមានភូមិសាស្ត្រស្មុគស្មាញជាងគេនៅក្នុងខណ្ឌមានជ័យ កើតមានបទល្មើសលួច ឆក់ ប្លន់ ញឹកញាប់គួរឲ្យបារម្ភបំផុត ជាក់ស្ដែងដូចករណីខាងលើនេះជាដើម ដែលអាជ្ញាធរគួរតែពង្រឹងឲ្យខ្លាំងនូវសន្ដិសុខក្នុងតំបន់នោះ។ ដូច្នេះដើម្បីរឹតបន្ដឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងតំបន់ឡើងវិញ មានតែសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធពង្រឹងការល្បាតពួនស្ទាក់ តាមច្រកនានា ក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ គ្រប់ចំណុចឆ្ពោះឡើងមកផ្លូវធំ ទើបអាចលុបបំបាត់បាតុភាពដូចខាងលើបាន ទោះបីមិនអាចទប់ស្កាត់បាន១០០ភាគរយក្ដី ៕