ភ្នំពេញ៖ យោងតាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូនេះ តុលាការ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជំនួយការ លោក ហុង សុខហួរ និងអ្នកកាន់ Facebook page លោក សម រង្ស៊ី ទាក់ទងការផ្សំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ជនសង្ស័យ ២នាក់ ម្នាក់ជាជំនួយការ លោក ហុង សុខហួរ ម្នាក់ទៀតអ្នកកាន់ Facebook page លោក សម រង្ស៊ី បានរត់គេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គឺបានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា និងឈ្មោះ អ៊ុង ជុងលាង ដើម្បីយកមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕