ភ្នំពេញ៖ មនុស្ស ២៣នាក់ ក្នុងនោះ៦នាក់បានស្លាប់ ១៤នាក់រងរបួសធ្ងន់ និង៣នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំងប្រទេសចំនួន៨លើក (យប់៣លើក) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍ប៉ូលីសបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យខូចខាតម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់១នាក់, មិនប្រកាន់ស្តាំ១លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន ១៨នាក់(យប់១០នាក់) ។
ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន១,២៤៨គ្រឿង (រថយន្តធំ ៧៣០គ្រឿង) ស្មើនឹង១,២៦៥ករណី, ល្មើសក្រដាសស្នាមមាន ៧០៨គ្រឿង ស្មើនឹង ៧០៦ករណី, ចំពោះករណីល្មើសបច្ចេកទេស ៥៤២គ្រឿង ស្មើនឹង ៥៥៩ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៩៨២គ្រឿង៕(រូបភាពឯកសារ)