ព្រះវិហារ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បងប្អូន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនពីបទឃាតកម្មដោយចេតនា ក្នុងជម្លោះពេលផឹកស៊ីជាមួយគ្នា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ នៅចំណុចមុខវត្តកណ្តោលកោះ ភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ការចាប់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅផ្ទះបងស្រីរបស់ជនសង្ស័យ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនជាប់ចោទ ឈ្មោះ ស៊ុំ ពិសី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ឈ្មោះ ស៊ុំ លាប ត្រូវជាបងប្រុងបង្កើតរបស់ជនសង្ស័យ ស៊ុំ ពិសី ។
ប្រភពព័ត៌មាន ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយសារតែគេបានយកដំបងវ៉ៃជនរងគ្រោះ ឈ្មោះ ថន វត្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យខាងលើ បណ្តាលឲ្យស្លាប់ ក្រោយពីក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំណុចមុខ វត្តកណ្ដាលកោះ ស្ថិត ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ជនល្មើស និង ជនដៃដល់ ពីរនាក់បងប្អូន បាននាំគ្នាផឹកទឹកត្នោតជូរ ក្លេមសាច់ឆ្កែជាមួយគ្នា ក្រោយមកក៏មានការឌឺ ដងពាក្យសម្តីគ្នាទៅវិញទៅមក បន្ទាប់មកជនដៃដល់ទាំងពីរនាក់បងប្អូន ក៏បានវាយ ជនរងគ្រោះបែកក្បាលហូរឈាម បាក់ធ្មេញ និង ចេញខួរ ហើយជនរងគ្រោះក៏បានស្លាប់ តាម ផ្លូវក្រោយក្រុមគ្រួសារជញ្ជូនទៅមន្ទីពេទ្យ។
មកដល់ពេលនេះ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និង កម្លាំងកងរាជអាវុធហត្ថព្រះវិហារ បានសហការគ្នាចាប់បានជនដៃដល់ ឈ្មោះ ស៊ុំ ពិសី នេះ ម្នាក់ ចំណែកឯជនដៃដល់ម្នាក់ទៀតបានរត់គេចខ្លួនបាត់ ឈ្មោះ ស៊ុំ លាប ត្រូវជាបងរបស់ ឈ្មោះ ស៊ុំ ពិសី នេះ មិនទាន់ចាប់បាននៅឡើយទេ។ យ៉ាងណាមិញ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និង សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាម ផ្លូវច្បាប់៕ ដោយ៖ ហ៊ាង អ៊ាមហុយ