រាជធានីភ្នំពេញ៖ ក្មេងប្រុសម្នាក់ខណៈពេលកំពុងរត់លេងឆ្លងផ្លូវត្រូវបានម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកកមួយគ្រឿង កិនចំ.ក រួចបានស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីពេទ្យគន្ធបុប្ផា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២៧២ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យសារព័ត៌មានកំណើតថ្មីដឹងថា ជនបង្កមានឈ្មោះ ស៊ា.សូរិយា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករដឹកទឹកកក នៅផ្សារអូឡាំពិក រីឯក្មេងរងគ្រោះឈ្មោះ ម៉ុល.ដារ៉ា ភេទប្រុស អាយុ២ឆ្នាំ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកកខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែក្មេងប្រុសរងគ្រោះ រត់លេងឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើករ៉ឺម៉កចាប់ហ្វ្រាំងមិនទាន់ កិនក្មេងរងគ្រោះចំ.ក រួចត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ហើយខាងគ្រូពេទ្យ បានពិនិត្យឃើញថា ក្មេងរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុម្ចាស់រ៉ឺម៉កត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន មកសួរនាំ និងរង់ចាំឪពុកម្តាយក្មេងរងគ្រោះចូលខ្លួនមកដោះស្រាយ នៅប៉ុស្តិ៍នគរបាលផ្សារដើមគរ។ ចំណែកសពក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីយ៍ នៅឯស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល៕
ប្រភពៈ knt