ស្វាយរៀង៖ នៅវេលាម៉ោង ៣:៥៥នាទី ទៀបភ្លឺថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងគោយន្ត បើកបរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច។
ប្រភពពបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំ2AE-0070 បើកបរដោយឈ្មោះ ស៊ិន គង្គា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង របួសធ្ងន់បញ្ជូនទៅវៀតណាម និងមានអ្នករួមដំណើរម្នាក់ឈ្មោះ អ៊ុច ណៃសំបូរ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកពីក្រោយគោយន្ត ពណ៌ស្លែ បើកបរដោយឈ្មោះ អុន ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ស្លាប់នៅកន្លែងកើតហេតុ បើកពីកើតទៅលិចមានអ្នករួមដំណើរ ២នាក់ ទី១ ឈ្មោះ កុយ ឆៃយ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ស្លាប់នៅកន្លែងកើតហេតុ និងទី២ ឈ្មោះ លន់ សុវ៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា របួសស្រាលព្យាលបាលនៅពេទ្យផាសុខភាព២ ក្រុងបាវិត រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋានក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក LEXUS បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕