ក្រចេះ៖ ករណីប្រជាពលរដ្ឋនៅភូមិ វត្តស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានទទួលទានសាច់ឆ្កែដែលគេអះអាងថា បានពុលកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី៨ ខែធ្នូនេះ អ្នកស្លាប់បានកើនឡើងចំនួនប្រាំនាក់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យចំនួន៣៥នាក់។
ប្រភពពត៌មានបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ទៀតបានស្លាប់កាលពីយប់មិញ ដោយម្នាក់ស្លាប់នៅមន្ទីរពេទ្យ និងម្នាក់ទៀត ស្លាប់នៅផ្ទះ។ ឯអ្នកជួយសង្គ្រោះ មានចំនួន៣៥នាក់នោះ មាន២៧នាក់បានធូរស្រាលហើយត្រឡប់ទៅផ្ទះជាបណ្តើរៗ តែប្រាំបីនាក់ទៀត នៅមិនទាន់ស្រួល គ្រូពេទ្យឲ្យស្នាក់នៅបន្តព្យាបាលនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះបន្តទៀត។
ប្រភពបានបន្តថា ដំបូងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ មានសត្វឆ្កែមួយក្បាលត្រូវគេបំពុលឲ្យងាប់ នៅវាលស្រែខាងក្រោយភូមិ បន្ទាប់មកម្ចាស់សត្វឆ្កែនេះ បានឲ្យកូនយកឆ្កែនេះទៅ កប់ចោល តែក៏ត្រូវតាម្នាក់ ឈ្មោះ ជា រ៉េត អាយុ៧៦ឆ្នាំ បានសុំទិញឆ្កែ ដែលងាប់មួយក្បាលនេះ ក្នុងតម្លៃ៣៥.០០០ពាន់រៀល។បន្ទាប់មកជនរងគ្រោះ បានយកសត្វឆ្កែមួយក្បាលនេះមកផ្ទះ ដើម្បីធ្វើម្ហូបទទួលទាន។ ក្រោយពីទទួលទានរួច នៅល្ងាចថ្ងៃដដែលបុរសរូបនេះក៏ត្រូវស្លាប់។ ដោយការស្លាប់របស់បុរសរងគ្រោះគេមិនដឹងថា បណ្តាលមកពីពុលសាច់ឆ្កែនោះទេ ដោយនឹកស្មានថាស្លាប់ដោយសារជំងឺ។
ប្រភពពត៌មានឲ្យដឹងទៀតថា ក្រោយជនរងគ្រោះស្លាប់ ស្ត្រីជាអ្នកជិតខាងម្នាក់ឈ្មោះ ប៊ិន ឡៃគេង អាយុ៥៧ឆ្នាំ បានទិញសាច់ឆ្កែងាប់មួយក្បាលទៀត ដែលម្ចាស់បំរុងយកទៅកប់ចោល ក្នុងតម្លៃ៣០០០០៛ ទៅធ្វើម្ហូបផឹកស៊ីក្លែមស្រានៅផ្ទះជាមួយអ្នកភូមិ។ ក្រោយពីទទួលទានសាច់នេះរួចនៅថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០១៥ ស្ត្រីរងគ្រោះជាចុងភៅចំអិនសាច់ឆ្កែក៏ស្លាប់ និងក៏មានស្ត្រីរងគ្រោះម្នាក់ទៀតឈ្មោះ ប្រឹង សារ៉ន អាយុ៣៥ឆ្នាំ ក៏ត្រូវបានស្លាប់នៅពេលដែលបញ្ជូន មកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្នួល៕