ឧត្តរមានជ័យ៖ ប្រទះឃើញកេសគ្រាប់កាំភ្លើងចំនួន ៦១កេស ខណៈដែលគាត់ភ្ជួរដី ប្រមូលផលដំឡូងមី។ ហេតុការណ៍ជួបប្រទះកេស គ្រាប់កាំភ្លើងនេះ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង។
នគរបាលក្រុងសំរោងបាននិយាយថា៖ ការទទួល បានព័ត៌មាន ស្តីពីការជួបប្រទះកេសគ្រាប់កាំភ្លើង ដ៏ច្រើននេះ គឺតាមរយៈ លោកមេភូមិត្រពាំងត្រាវ រាយការមកតាមទូរស័ព្ទ ក្រោយពីទទួលដំណឹង នេះភ្លាមកំលាំងសមត្ថកិច្ច ក៏បានចុះទៅពិនិត្យ ដល់ចំការក៏បានឃើញ កេសគ្រាប់នេះមែន។
សមត្ថកិច្ចបានបន្តទៀតថា កេសគ្រាប់កាំភ្លើងទាំងនេះ ត្រូវបានប្រជាពលរដ្ឋ ភ្ជួរដីដកដំឡូងជួបប្រទះ។ ប៉ុន្តែទោះជាយ៉ាងណាក៏មិនបណ្តាល មនុស្សណាម្នាក់រងរបួសអ្វីដែរ។កេសគ្រាប់ទាំង៦១កេសនេះ រួមមានកេសគ្រាប់ RPK64កេស និងកេះគ្រាប់១២.៧ ចំនួន៥៧កេស ហើយកេសគ្រាប់ទាំងនេះ ខូចខាតអស់ ៣០ភាគរយហើយ។ ក្រោយពីការពិនិត្យរួច ក៏បានប្រមូលកេសគ្រាប់នេះទុក និងប្រគល់ឲ្យស៊ីម៉ាក់ជាក្រោយ។លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋ ដែលជាកសិករត្រូវធ្វើការ ប្រុងប្រយ័ត្ន ចំពោះករណីគ្រាប់គ្រប់ប្រភេទ ព្រោះខេត្តឧត្តរមានជយ័យើង កាលពីមុនជាតំបន់ សង្គ្រាម ដូច្នេះគ្រាប់តែងកប់មាន នៅគ្រប់កន្លែងទាំងអស់ បើទោះបីជាអង្គការ ស៊ីម៉ាក់ប្រឹងដោះក៏មិនទាន់អស់ ១០០ភាគរយនោះទេ បញ្ហាសំខាន់យើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្ន បើមានការសង្សយ័ត្រូវរាយការណ៍មក សមត្ថកិច្ចជាបន្ទាន់៕