កំពង់ធំ ៖ បាញ់ផ្អើលក្រុងស្ទឹងសែន និងគំរាមដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ខណៈពេលដែលចុះទៅសាកសួរព័ត៌មានពាក់ព័ន្ធទៅនឹងការបាញ់បោះសេរីនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតាក់ស៊ី និងរថយន្តបែនដឹកដី កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១១និង១០នាទី ចំណុចភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លើកំណាត់ផ្លូវអាស៊ានថ្មីវាងក្រុងស្ទឹងសែន។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីដែលលោកឧត្ដមសេនីយ៍ត្រី កែវ រតនា មានឋានៈជាស្នងការរងស្រាវជ្រាវ និងយុត្តិធម៌ បានក្តៅស្លឹកត្រចៀក ហើយឈានដល់ការបាញ់បោះចំនួន៣គ្រាប់នោះ បណ្ដាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដី ពណ៌ខៀវ និងរថយន្តហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2A-8458 បើកបរដោយឈ្មោះ គឹម ប៊ុនរ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សាក្សីបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការបាញ់បោះដល់ទៅ៣គ្រាប់ គឺដោយសារតែតៃកុងតាក់ស៊ីបានបើកបុកគូទរថយន្តបែនផ្នែកខាងស្តាំ ខណៈពេលរថយន្តបែនឆ្លងថ្នល់បណ្ដាលឲ្យរថយន្តតាក់ស៊ីខូចខាតយ៉ាងដំណំ បន្ទាប់មកក្រោយពីកើតហេតុ រថយន្តបែនបានបើករត់ ដោយពុំឈប់ដោះស្រាយ ទើបលោកឧត្ដមសេនីយ៍ត្រី កែវ រតនា ទាញអាវុធម៉ាកឡុកបាញ់ចំនួន៣គ្រាប់ ខណៈនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំបានចុះទៅពិនិត្យហេតុការណ៍។ ចំណែករថយន្តតាក់ស៊ីត្រូវបានយកមករក្សាទុកនៅកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដើម្បីទុកឲ្យភាគីទាំងសងខាងចូលមកដោះស្រាយតាមផ្លូវច្បាប់។ ហើយខណៈនេះដែរ សមត្ថកិច្ចកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរករថយន្តបែនដឹកដីដែលជាគូរករណី។
លោកឧត្ដមសេនីយ៍ត្រី កែវ រតនា បានស្រាយបំភ្លឺពីករណីឈានដល់ការបាញ់ចំនួន៣គ្រាប់នេះថា ការបាញ់នេះគឺដើម្បីការពារសុវត្ថិភាពរបស់លោកផ្ទាល់ ដោយសារតែម្ចាស់យានយន្តដឹកដី មានបំណងចង់ធ្វើឃាតលោក។
លោក កែវ រតនា បានបញ្ជាក់ថា មុនពេលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺលោកមកពីចម្ការ ហើយបានជិះរថយន្តតាក់ស៊ី ដោយសំលៀកបំពាក់ខោអាវកីឡា លុះមកដល់ចំណុចកើតហេតុ រថយន្តតាក់ស៊ីកំពុងតែបើកលឿនតាមបណ្ដោយផ្លូវវាងក្រុងស្ទឹងសែន ស្រាប់តែមានរថយន្តបែនដឹកដីបើកឆ្លងថ្នល់ ហើយឈប់ជាបន្ទាន់ បណ្ដាលឲ្យរថយន្តតាក់ស៊ីដែលលោកជិះជាមួយបុកយ៉ាងខ្លាំងខ្ទេចផ្នែកខាងមុខ ខណៈនោះលោក និងតៃកុងឡាន បានចុះ ហើយរត់ទៅកាក់រថយន្តបែនដែលជាក្មេងស្ទាវបើកនោះ ដែលបានឈប់នៅពីមុខរថយន្តតាក់ស៊ី លុះក្រោយមក តៃកុងរថយន្តបែនក្រឡេកមើលរថយន្តកាក់ស៊ី ឃើញខូចខ្ទេចក៏ឡើងរថយន្តបើករត់បន្តទៀត ពេលដែលលោក និងតៃកុងឡានតាក់ស៊ី ស្រែកហៅឲ្យឈប់ តែបែរជាតៃកុងឡានបែនបើករកបុកទៅវិញ ពេលនោះលោកបានរត់មកយកអាវុធពីក្នុងឡាន ហើយបាញ់ឡើងលើ៣គ្រាប់ ដើម្បីឲ្យសមត្ថកិច្ចជួយតាមចាប់ឡានបែនដែលបង្កហេតុ ដោយក្នុងសភាពការស្លន់ស្លោ ហើយគិតថានៅក្នុងរថយន្តមានមនុស្សស្លាប់ ទើបបង្ខំចិត្តចាញ់ឲ្យសមត្ថកិច្ចជួយចាប់ឡានបែន។
លោកឧត្ដមសេនីយ៍ កែវ រតនា បានបំភ្លឺជុំវិញករណីដែលថាគំរាមដល់កងរាជអាវុធហត្ថថា លោកគ្រាន់តែជាការណែនាំ ក្នុងនាមលោកជាថ្នាក់ដឹកនាំម្នាក់ឲ្យមន្ត្រីកងរាជអាវុធហត្ថដែលចុះទៅកន្លែងកើតហេតុថា សុំឲ្យពាក់ឯកសណ្ឋានជាសមត្ថកិច្ច ជាកងកម្លាំង កុំឲ្យស្លៀកពាក់ស៊ីវិលចុះមកធ្វើការក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺមិនបានគំរាមគំរាមកំហែងនោះទេ៕