ព្រះសីហនុ ៖ សំណង់ស្ថានីយប្រេងអត់ច្បាប់ដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ នៅតែបន្តធ្វើការសាងសង់យ៉ាងរលូន បើទោះបីជាលោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុករដ្ឋបាលដីធ្លី និងសំណង់បញ្ជារឲ្យក្រុមការងារមន្ត្រីអន្តរ វិស័យសាលាខេត្តចុះទៅធ្វើការហាមឃាត់ និងផ្អាកដំណើរការសាងសង់ជាបណ្តោះអាសន្នក៏ដោយនោះ។
សកម្មភាពនៃការសាងសង់ល្មើសនេះ ត្រូវប្រជាពលរដ្ឋរិះគន់ថា វាបានបញ្ជាក់ពីភាពអសមត្ថកិច្ចរបស់ក្រុមមន្ត្រីមានសមត្ថកិច្ចរបស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបានចុះទៅធ្វើការហាមឃាត់ទៅហើយ តែសំណង់នៅតែអាចដំណើរការសាងសង់បន្ត ដែលហាក់ដូចជាការចុះទៅនោះ គ្រាន់តែជាការ បង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា សំណង់ស្ថានីយ៍ប្រេងខាងលើនេះ គឺ មិនទាន់មានប្លង់កម្មសិទ្ធិស្របច្បាប់នៅឡើយទេ គឺជាដីស្ថិតក្នុងដែនគ្រប់គ្រង់ក្នុងរំវង់ព្រះរាជក្រិត្យ ឧឡាជាតិរាម។
បើទោះជាយ៉ាងនេះក្តី ជុំវិញការសាងសង់សំណង់នេះ ត្រូវបានឈ្មោះ ហ៊ា ខិ ដែល ជា ម្ចាស់សំណង់បានអះអាងថា ពាក់ពន្ធ័រឿងច្បាប់ទំលាប់នែការសាងសង់នេះរូបគាត់ បានរត់ការ សុំ ច្បាប់អនុញាត្តិ ពីរអាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុកព្រៃនប់ រួចរាល់អស់ហើយ បច្ចុប្បន្នឯកសារសុំច្បាប់ ធ្លាក់ដល់ដៃ លោក ស្រ៊ុន ស្រ៊ន អភិបាលរងទទួលបន្ទុកសំណង់ ហើយនៅតែចុះហត្ថលេខាពីលោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុតែម្នាក់ទៀតប៉ុណ្ណោះ និងរួចរាល់ជាស្ថាពរហើយ។
លោក ស្រ៊ុន ស្រ៊ន អភិបាលរងទទួលបន្ទុកសំណង់ប្រាប់ថា ក្រោយពីបានទទួលព័ត៌មាន លោកបានបញ្ជូនក្រុមការងារចុះត្រួតពិនិត្យ និង អោយបញ្ឈប់ការសាងសង់ហើយ ។ តែបើទោះបីជាយ៉ាងណាក៏ដោយ បើម្ចាស់សំណង់នៅតែផ្គើន សាងសង់ដដែល លោកនឹងបង្កើតក្រុមការងារ ដើម្បីអនុវត្តបន្តទៀត៕
ប្រភព៖ ann