ពោធិ៍សាត់៖ រថយន្តយោធាមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ០១.៣.៤៧៧៦ របស់កង ដឹកជញ្ជូននៃកងពលតូចលេខ៩៩ នៅពោធិ៍ចិនតុង លួចដឹកឈើប្រណិតហក់ឆ័ត្រ ចេញពីស្រុកភ្នំក្រវាញទៅភ្នំពេញត្រូវបានកំលាំងសមត្ថកិច្ចចម្រុះ ខេត្តពោធិ៍សាត់ស្ទាក់ចាប់បាននៅចំណុចកុងត្រូលស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគ ខេត្តពោធិ៍សាត់។
ក្រោយបង្ក្រាបរថយន្តនិងវត្ថុតាងឈើប្រណិតត្រូវគេយកទៅទុកនៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានតែមួយចំអិនកំពឹសក៏លែងវិញបាត់។ នៅពេលអ្នកសារព័ត៌មានសំភាសន៍សួរលោក ប៉ុល ចន្ថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ នូវរឿងដោះលែងរថយន្តយោធាដឹកឈើប្រណិតនោះ លោកថាលោកអភិបាលខេត្តបញ្ជាអោយដោះលែង។
ចំណែក លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ដំបូងឆ្លើយថា រឿងនឹងអ្នកជំនាញគេចេះធ្វើការហើយ ដល់ពេលអ្នកសារព័ត៌មានយើងប្រាប់ថា លោក ប៉ុល ចន្ថា និយាយថាករណីដោះលែងរថយន្តយោធាដឹកឈើប្រណិតនោះ គឺធ្វើឡើងតាមបញ្ជា លោកអភិបាលខេត្ត គឺតាមបញ្ជា លោក ម៉ៅ ធនិន ប៉ុន្តែបែរជា លោក ម៉ៅ ធនិន ប្រាប់ថាអោយសួរទៅ លោក ប៉ុល ចន្ថា វិញមើល ថាតើអ្នកណាអោយវាដោះលែងរថយន្តនោះ។
រឿងនេះបើស្ដាប់ទៅហាក់ដូចជាមានការពាក់ព័ន្ធជាមួយលោកអភិបាលខេត្ត ក្នុងការនៅពីក្រោយខ្នងករណីរថយន្តយោធាដឹកឈើប្រណិតនេះ។ ចំពោះម្ចាស់ឈើដែលចាប់បាននោះមិនត្រូវបានគេបញ្ចាក់ប្រាប់ថា ជារបស់ឈ្មួញណាម្នាក់នោះទេ ដោយមេឈ្មួញនោះមិនហ៊ានចេញមុខ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក៏ប្រភពបង្ហីបអោយដឹងថាឈ្មួញឈើនោះជារបស់មេឈ្មួញម្នាក់ នៅស្រុកភ្នំក្រវាញឈ្មោះ ផា ន្នី ជាទាហានបាយឃ្លះ ហើយឈ្មោះ ផា ន្នី នេះគឺជាមេឈ្មួញម្នាក់ល្បីខាងរកស៊ីឈើប្រណិត នៅខេត្តពោធិ៍សាត់ដែលមាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នៅពីក្រោយខ្នង៕
ប្រភព៖ areynews