កំពង់ចាម៖ ដោយពិនិត្យឃើញសកម្មភាពល្បែងស៊ីសងរីកដុះដាលឡើងគួរឲ្យកត់សំគាល់ និងមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានជុំវិញ ទើបគណៈបញ្ជាការឯកភាពស្រុកកោះសូទិន ចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែង និងឈានដល់ការឃាត់ខ្លួនមនុស្សចំនួន២នាក់ ព្រមទាំងវត្ថុតាងមួយចំនួន។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៩ និង៤០នាទី កម្លាំងអធិការនគរបាលស្រុកកោះសូទិន ក្រោមការចង្អុលវង្ហាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះបង្ក្រាបល្បែងជល់មាន់ មួយករណីនៅចំណុចភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ មនុស្សពីរនាក់ដែលបានឃាតខ្លួន ម្នាក់ ឈ្មោះ ផុន សារ៉ុម អាយុ២៨ឆ្នាំ មានទីលំនៅនៅភូមិរកាកោង ឃុំមហាលាភស្រុកកោះសូទិន ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ សែម ឌីម អាយុ៣៦ឆ្នាំ មានទីលំនៅនៅភូមិថ្មដា ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ព្រមទាំងដកហូតបាន ម៉ូតូចំនួន ០៤គ្រឿង មាន់០៣ក្បាល ស៊ុំក្រុងមាន់ចំនួន០៣ និងជញ្ជីងថ្លឹងមាន់ចំនួន០១។
បច្ចុប្បន្នសមត្ថកិច្ចស្រុកកោះសូទិន បានឃាត់ខ្លួនមនុស្សទាំង ២នាក់ និងវត្ថុតាង យកទៅអធិការស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់បន្ត៕