រតនៈគីរី៖ លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តរតនគីរីត្រូវបានមន្ត្រីក្រោមឱវាទ ចំនួន៣៥នាក់ ផ្តិតមេដៃប្តឹងចោទពីបទពុករលួយដោយយកពន្ធនាគារធ្វើអាជីវកម្ម ផ្ទាល់ខ្លួន និងលួងក្មេងស្រីជាអ្នកទោសរំលោភសេពសន្ថវៈ ។
នេះបើតាមប្រភពខាងលើឲ្យដឹងថា ចាប់តាំងពី លោក ទីន សុវណ្ណនី ចូលកាន់តំណែងជាប្រធានពន្ធនាគារថ្មីភ្លាម ការគ្រប់គ្រងមានការប្រែប្រួលភ្លាមដែរ គឺអ្នកទោសក្នុងគុកខេត្ត រតនៈគីរី មានសិទ្ធិសេរីភាពជាងមុនឲ្យតែចាយលុយ។
ការកែទម្រង់ការងារ ក្នុងគុកមិនមែនដើម្បីប្រយោជន៍រួមក្នុងអង្គភាពនោះទេ តែគឺ លោក ប្រធានប្រមូលយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ដូចជាករណីបើកអោយអ្នកទោសអាចប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីទាក់ទងអោយបងប្អូនសាច់ញាតិអ្នកជាប់ឃុំមកជួបដោយលុយ ប្រមូលបានត្រូវបង់ជូនលោកប្រធាន។
ក្រៅពីនេះលោកប្រធានគាត់អាច រកប្រាក់ចំណូលច្រើនពាន់ដុល្លារតាមរយៈការប្តូរបន្ទប់ពីអាគារBមក អាគារA ដោយទារប្រាក់ក្នុងម្នាក់ចាប់ពី២០០ដុល្លា ដល់រាប់ពាន់ដុល្លា តាមអ្នកមាន ឬអ្នកក្រ។ ករណីដកអ្នកទោសចេញមកក្រៅធ្វើចុងភៅ ធ្វើពលកម្ម និងសិប្បកម្ម អោយតែអ្នកទោសនោះមានលុយបង់ឲ្យដោយមិនគិតពីអ្នកទោសជាទណ្ឌិត ឬអ្នកទោសចាស់ឬចូលថ្មីឡើយ។
បើតាមសេចក្តីរាយការណ៍ខាងលើបានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងគុកខេត្តរតនៈគីរីអ្នកទោសដែលនៅខាងក្រៅបន្ទប់ មានចំនួន៦៥នាក់ ក្នុងនោះមានបទល្មើសគ្រឿងញៀនមិនទាន់កាត់ទោសផងដែរ។
បើមិនច្រឡំទេ កាលពីខែមករា ដល់ខែមិនា ឆ្នាំ២០១៥ រដូវប្រមូលផលផ្លែស្វាយចន្ទី លោកប្រធាន ទីន សុវណ្ណនី បានយកអ្នកទោសចំនួន០៩នាក់ទៅដេកនៅចំការចន្ទី របស់ លោក ហេង សម្បត្តិ អស់រយៈពេល៣ខែ។
អ្នកទោសដែល លោក ទីន សុវណ្ណនី បានឲ្យចេញទៅមានឈ្មោះ៖១. ទីង ភិន ២.យ៉ោះ ណេង ៣.ម៉ឺន ឆក ៤.ខន ខ្លឹង ៥.ចាង សំផន ៦.ចាង ហ្វាង ៧.ឡាត់ បញ្ញា ៨.ស៊ិន សាន្ត ៩.អ៊ូង ប៊ីន ដោយគ្រាន់តែមានមន្ត្រីការពារម្នាក់គឺ លោក ស៊ូយ កែឡាំ ដែលយប់ឡើងដើរផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀនតាមចិត្ត។ រីឯទណ្ឌិតឈ្មោះ ខន ខ្លឹង គេឃើញចេញក្រៅបើកឡានដើរលេងតាមចិត្តពាសពេញខេត្ត។
នៅក្នុងគុគខេត្តរតនៈគីរីត្រូវបាន លោក ទីន សុវណ្ណនី យកធ្វើជាកន្លែងបើកសិប្បកម្មផ្ទាល់ខ្លួនប្រើកម្លាំង ពលកម្មអ្នកទោសបានប្រាក់ចំណូលចូលហោប៉ៅខ្លួនឯង ។ ប្រាក់ចំណូលបានមកពីអ្នកទោសធ្វើសិប្បកម្មក្នុងមួយខែៗរកបានចំនួន ២.០០០.០០០រៀលប្រមូលយកទាំងអស់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននិងប្រមូល ថ្លៃភ្លើងតាមបន្ទប់ដែលមានប្រើប្រាស់ទូរទស្សន៍និងកង្ហារមួយខែពី ៥០០,០០០រៀល ទៅ ៦០០,០០០រៀល តែមិនដែលបង់ប្រាក់ចូលក្នុងអង្គភាពឡើយ។
បើតាមក្រុមមន្ត្រីក្រោមឱ្យវាទរៀបរាប់ មិនត្រឹមតែយកគុកធ្វើអាជីវកម្មរកចំណូលដាក់ហោប៉ៅប៉ុណ្ណោះទេ តែលោកប្រធានថែមទាំងយកអ្នកទោសស្រីៗណាដែលស្អាតៗទៅកំដរការផឹកស៊ី នៅស្រះក្រោយគុកជាញឹកញាប់ទៀតផង។
លោក ទីន សុវណ្ណនី យកអ្នកទោសស្រីទៅធ្វើការបោសជួតផ្ទះគាត់ជារៀងរាល់ថ្ងៃដោយមានទណ្ឌិតឈ្មោះ ខន ខ្លឹង ជាអ្នកបើកឡានជូនទៅគ្មានកងការពារឡើយ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ លោកប្រធាន ពន្ធនាគារក៏ទូរស័ព្ទអោយឈ្មោះ ខ្យាល់ ប៉ាង៉ាង ប្រធានការិយាលយអប់រំ កែប្រែនិងឈ្មោះ ឃុច ចាឡាត់ប្រធានការិយាល័យប្រតិបត្តិធ្វើការឆែកឆេរ បន្ទប់ឃុំឃាំងស្ត្រីដោយប្រាប់ថាបាត់លុយនៅផ្ទះចំនួនបួនលានរៀល គាត់សង្ស័យថាទណ្ឌិត ទីង ប៉េក ដែលទៅបោសសំអាតលួច។
ក្រោយពីការឆែកឆេរ ក៏ឃើញលុយនោះលាក់នៅក្នុងកន្ថោរស្រីក្មេងជាទណ្ឌិតឈ្មោះ ទីង ប៉េក លោកប្រធានក៏ហៅទណ្ឌិត ទីង ប៉េក ជួបជាសំងាត់ហើយក៏ស្ងាត់ទៅវិញទៅ។
លុះពីរថ្ងៃក្រោយគឺនៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៥ ស្រីក្មេងទណ្ឌិត ទីង ប៉េក បាននិយាយប្រាប់មន្ត្រីនិងអ្នកទោសជាស្រី្ត ក្នុងបន្ទប់ជាមួយថា លោកប្រធាន ពន្ធនាគារគាត់មិនហ៊ានធ្វើអីគេទេ។ បើហ៊ានប្តឹងនាងនឹងប្តឹងអង្គការវិញពីបទគាត់យកនាងទៅរួមរ័ក្ស ចំនួន៣លើកដោយអោយលុយ២លើកអត់លុយ១លើក។ ទោះជាឮទណ្ឌិត ទីង ប៉េក ដែលជាស្រីក្មេងនិយាយបែបនេះក៏ដោយ ក៏មិនហ៊ានដាក់វិន័យអីទេព្រោះ លោកប្រធានខ្លាចបែករឿងនេះជាសាធារណៈនិងមានទោសពៃដល់ខ្លួន។
សូមបញ្ជាក់ថារឿងអាស្រូវនៅក្នុងគុកខេត្តរតនៈគីរីមិនមែនទើបនិងកើតឡើងនោះទេ តែគ្មានអ្នណាហ៊ាននិយាយ ព្រោះលោកប្រធាន ទីន សុវណ្ណនី គាត់ប្រើអំណាចផ្តាច់ការគំរាមគំហែងមន្ត្រីក្រោមឱវាទដោយយកឈ្មោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមកគាប់សង្កត់គម្រាមមន្ត្រីជេរប្រមាថ មើលងាយមើលថោកមន្រី្តគ្រប់គ្នា។ នេះបើតាមប្រភពខាងលើបង្ហើបឲ្យដឹង ។
កន្លងមកមេគុកនិងមេរងគុកនៅខេត្តបន្ទាយមានជ័យត្រូវជាប់គុកដោយសារការធ្វើចរាចរគ្រឿងញៀនអោយអ្នកទោសនៅក្នុងគុកដើម្បីរកចំណូល។ មេគុកនិង មេរងគុកនៅខេត្តបន្ទាយមានជ័យបានជាប់គុកនៅខេត្តសៀមមិនទាន់ដឹង ថ្ងៃចេញផង ចុះមេគុកខេត្តរតនៈគីរី លោក ទីន សុវណ្ណនី ដែលត្រូវរងការចោទថា៖ ប្រព្រឹត្តអំពើពុករលួយនិងល្បិចខូចរាប់ម៉ឺនជំពូកនោះ តើថ្នាក់លើក្រសួងមហាផ្ទៃ ខាងប្រឆាំងអំពើពុករលួយ គិតដោះស្រាយយ៉ាងណា?
សង្ឃឹមថា លោក ទីន សុវណ្ណនី មេគុគខេត្តរតនៈគីរី នឹងបកស្រាយបំភ្លឺជុំវិញករណីទាំងអស់នេះ ដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន៕
ប្រភព៖ meatophoum