ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បង្ហាញមុខក្រុមប្លន់កក្រើកក្នុងរាជធានីភ្នំពេញ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរង ប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ដោយមានការសំរបសំរួលផ្លូវច្បាប់ ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណ្ឌចំការមន និង ខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ។
លោកវរសេនីយ៍ទោ អេង សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់កាសែតនគរបាលជាតិថា ជនសង្ស័យចំនួន ០៤នាក់នេះ ទី១ឈ្មោះ ឆែម សុខរតនា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅនិងមុខរបរ ពុំពិតប្រាកដ , ទី២ឈ្មោះ ណេត វណ្ណី ហៅ ប៊យ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកប្រា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរពុំពិតប្រាកដ, ទី៣ឈ្មោះ ហង្ស និមល ភេទ ប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរបុគ្គលិកហាងម៉ាស្សា ដូរ៉េមីស្ប៉ា និងទី៤ឈ្មោះ សាន សុធី ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅ ភូមិទួលតាចាន់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាងម៉ាស្សា ដូរ៉េមីស្ប៉ា ជនសង្ស័យទាំងបួននាក់ មានសញ្ជាតិខ្មែរ ។
សមត្ថកិច្ចបានបន្តថា ក្នុងការឃាត់ខ្លួនអ្នកទាំងបួននាក់ខាងលើ យើងបានដកហូតវត្ថុតាមរួមមាន អាវុធខ្លីមួយដើម ម៉ាក ឡុក CS៩៨ លេខ ០០៥៦៤៧មានបង់ ០១ និងគ្រាប់១៣, ម៉ូតូចំនួន ០៣គ្រឿង ម៉ាក ឌូក ពណ៌ស ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១FB-៧៤៨៨, ម៉ាក និច ពណ៌ស (បិទស្កុតខ្មៅ) មានស្លាកលេខ ភ្នំពេញ ១CE-២២៩៩ និងម៉ាកហុងដាសេ១២៥ (ឈូសលេខតួ និងលេខម៉ាស៊ីន) ពាក់ស្លាកលេខ កណ្តាល ១Q-២៧៦១, ស្លាកលេខម៉ូតូ ចំនួន ០៦ (ភ្នំពេញ ១AU-២១៥៨, ភ្នំពេញ ១P-៣៩៥២, ភ្នំពេញ ១FH-១៧៧៩, ភ្នំពេញ ១FL-4336, ភ្នំពេញ ១Q-២៧៦១ និងលេខរដ្ឋ ២១-១-១១៦៨ ), ដាវ ០១ កាំបិត ០១ និង ដែកចុងស្រួចចំនួន ០២, ដង្កាប់ចំនួន ០២ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ គួរបញ្ជាក់ដែលថាជនសង្ស័យទាំងបួននាក់ខាងលើ តែងតែធ្វើសកម្មភាពប្លន់បាញ់ទៅលើជនរងគ្រោះឲ្យមានរបួស នៅពេលយប់។
បច្ចុប្បន្ន វត្ថុតាងដកហូត និងជនសង្ស័យទាំងបួននាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ចំណែកបក្ខពួកសេសសល់ មានទី១ឈ្មោះ សាន សុភាព ហៅ ឡាតូច ទី២ឈ្មោះ រ័ត្ន ទី៣ឈ្មោះទូច ទី៤ឈ្មោះ តួរ ទី៥ឈ្មោះ រិទ្ធ ទី៦ឈ្មោះ អ៊ីវ និង ទី៧ឈ្មោះ រ៉ាម កំពុងគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងសំណូមពរប្រជាពលរដ្ឋដែលស្គាល់ជនសង្ស័យ ដែលមានឈ្មោះដូចខាងលើ ហើយកំពុងគេចខ្លួន សូមរាយការណ៍បន្ទាន់មកសមត្ថកិច្ច ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕