ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ដាច់សាច់កំភួនដៃ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានរថយន្តដឹកស្ករបុកចំពីក្រោយ ខណៈកំពុងធ្វើដំណើរនៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅម៉ោង៨៖១៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។
សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានធ្វើដំណើរដោយម៉ូតូរបស់ខ្លួន នៅលើស្ពានព្រះមុនីវង្សចាស់ ក៏ស្រាប់តែរថយន្តមួយគ្រឿងមកបុកចំពីក្រោយ បណ្តាលឲ្យដួលម៉ូតូ របួសធ្ងន់ដាច់សាច់កំភួនដៃខាងឆ្វេង ភ្លាមៗក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។
សាក្សីបានបញ្ជាក់ឲ្យដឹងទៀតថា ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ជៃ ម៉ាប់ អាយុ២៩ឆ្នាំ រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំភាគីទាំងពីរដោះស្រាយគ្នាតាមផ្លូវច្បាប់៕