ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៥៧ឆ្នាំ ពិការស្វិតជើងឆ្វេង ផឹកស្រាស្រវឹងទៅបេះផ្លែឈូកក្នុងត្រពាំងក្រោយផ្ទះ បណ្ដាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៧និង៣០នាទី ស្ថិតនៅភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធឈ្មោះ ស៊ុយ សុផល អាយុ ៤៧ឆ្នាំ មានមុខរបរជាកម្មការនីរោងចក្រសង្កាត់ដង្កោ មានកូនស្រីមួយ ឈ្មោះ ម៉ៅ រតនា អាយុ ៩ឆ្នាំ និងចិញ្ចឹមជីដូនជរាម្នាក់ទៀតផង។
អ្នកស្រី ស៊ុយ សុផល ដែលជាប្រពន្ធសព បានរៀបរាប់ទាំងទឹកភ្នែកអំពីដំណើររឿងមុនពេលកើតហេតុថា៖ នៅវេលាម៉ោងប្រហែល១១ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ពេលដែលខ្លួនត្រលប់មកពីធ្វើការវិញប្ដី ពេជ្រ ម៉ៅ បានយកផ្លែឈូកដែលបានបេះពីត្រពាំងខាងក្រោយផ្ទះយកមកឲ្យហូបដូចសព្វដង។ ក្រោយមកខ្លួនបានទៅធ្វើការ រហូតដល់ល្ងាចទើបមកផ្ទះវិញដោយមិនបានឃើញប្ដីនៅផ្ទះតែមិនបានសង្ស័យនឹកស្មានតែគាត់ទៅផឹកស៊ីជាមួយមិត្តភក្តិដូចរាល់ដងហើយក៏មិនបានដើររកដែរ។
លុះនៅល្ងាចថ្ងៃទី១២ ដោយបាត់ប្ដីរយៈពេល២ថ្ងៃមិនឃើញមកផ្ទះមានការខឹងសម្បាយ៉ាងខ្លាំង ដោយមកពីធ្វើការហត់ពេកនិងបានរអ៊ូថាគិតតែដើរផឹកទៅងាប់ឯណាក៏មិនមកផ្ទះ ពេលនោះខ្លួនក៏នាំកូនឲ្យសំរាក ចាំព្រឹកចាំជំរះបញ្ជីជាមួយឪនាងឯង ។
ជាអកុសលនៅព្រឹកម៉ោង៧ និង៣០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ អ្នកភូមិបានប្រទះឃើញ សាកសពបុរសម្នាក់ធំក្លិនស្អុយនៅក្នុងត្រពាំងឈូកក្រោយភូមិនិងបានស្គាល់ថាជាសពបុរសឈ្មោះ ពេជ្រម៉ៅ ក៏ផ្អើលឈូឆរមកប្រាប់ខ្លួន បានដឹងហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ។
ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យ លទ្ធផលបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕