បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាត់ដំបង បានបង្ហាញមុខចោរប្លន់២នាក់រួមទាំងគ្រឿងអលង្ការ ដែលបានប្លន់នៅចំណុចផ្សារណាត់ នាពេលថ្មីៗកន្លងទៅនេះ។
តាមការបញ្ជាក់របស់សមត្ថកិច្ចនិងការឆ្លើយបំភ្លឺរបស់ពួកចោរទាំងនោះបានអោយដឹងថា ខ្លួនរួមនិងបក្សពួក៥នាក់ទៀតពិតជាបានធ្វើសកម្មភាពប្លន់ប្រាកដមែន ហើយត្រូវក្រុមសមត្ថកិច្ចអាវុធហត្ថ និងនគរបាលបង្ក្រាបបាន២នាក់ហើយ៣នាក់ទៀតកំពុងរត់គេចខ្លួន។
ចោរប្លន់ទាំង២នេះមានឈ្មោះ យ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិស្ដៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ នៅ រស់ ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរមិនពតប្រាកដ នៅភូមិតាកុក ឃុំតាកុក ស្រុកបុទមសាគរ ខេត្តកោះកុង។
គ្រឿងអលង្ការនិងថវិកាដែលដកហូតបានរួមមាន៖ ប្រាក់ដុល្លា១០០,០០០ដុល្លារ ប្រាក់រៀល ៨,០០០,០០០រៀល ប្រាក់បាតថៃ ៤,០០០បាត ចិញ្ចៀនប្លាទីន១៦វង់ ក្រវិល២៩គូ រួមទាំងគ្រឿងអលង្ការតូចៗផ្សេងទៀតដែលពុំបានរៀបរាប់អស់ ។
សូមបញ្ជាក់ផងដែរថា ចោរប្លន់ទាំង២រូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ រីឯគ្រឿងអលង្ការទាំងអស់នោះត្រូវបានប្រគល់ជូនម្ចាស់អាជីវករវិញ៕