កំពត៖ ក្រោយបើកការស្រាវជ្រាវរួចមក នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះកម្លាំងនគរបាលបានឈានទៅដល់ការចាប់ខ្លួន ជនដៃដល់ម្នាក់ ក្រោយកាប់សម្លាប់ បុរសម្នាក់ និងកូនស្រីបណ្តាលឲ្យរងរបួសធ្ងន់ នៅស្រុកកំពង់ត្រាច។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ បណ្តាលមកពីជម្លោះរឿង ព្រំដីរវាងគ្រួសារជនរងគ្រោះ និងជនបង្ក។
ជនសង្ស័យមាន ឈ្មោះ ភឹម ផន អាយុ៤៧ឆ្នាំ ទីលំនៅភូមិផ្នុង ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ហើយជននេះ មានទំនាស់យ៉ាងស្រួចស្រាល ជាមួយជនរងគ្រោះរឿងព្រំដី មុនថ្ងៃកើតហេតុប្រហែល៤ឫ៥ថ្ងៃមុន បានកាន់ពូថៅរកកាប់ជនរងគ្រោះ ម្តងរួចមកហើយ ក៏ប៉ុន្តែត្រូវបានកូននឹងប្រពន្ធជនរងគ្រោះ រារាំងនឹងផ្ទប់ទ្វាររបងមិនឲ្យចូល។
សូមបញ្ជាក់ថា ករណីឃាដកម្ម ដ៏សាហាវមួយបានកើតឡើង ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាម៉ោង៦៖១៥នាទីល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះជនរងគ្រោះជាឪពុកឈ្មោះ ផឹម ខន អាយុ៥៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនស្រី ឈ្មោះ ហុយ ធូ អាយុ៣៤ឆ្នាំ របួសធ្ងន់ ខណៈឃាតករ បានចូលទៅក្នុងផ្ទះជនរងគ្រោះ រួចយកកាំបិតកាប់ និងវាយជនរងគ្រោះស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអធ័ម៕