ភ្នំពេញ៖ ទាក់ទិននឹងករណីបាញ់ប្រហារទៅលើលោកមេភូមិទី៤ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីម្សិលមិញ ជនរងគ្រោះជាក្មួយ ដែលរងរបួសធ្ងន់នោះ បានស្លាប់ហើយ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ ។
សមត្ថកិច្ចថាជនរងគ្រោះឈ្មោះ ប៊ុន ប្ញទ្ឋី អាយុ៣០ឆ្នាំ បានដាច់ខ្យល់ស្លាប់ ដោយសារតែមុខរបួសធ្ងន់ធ្ងរពេក ប៉ុន្តែជនសង្ស័យម្នាក់ ឈ្មោះ កែវ សុវណ្ណរិទ្ធ ក៏រងរបួសធ្ងន់ដែរ ហើយកំពុងដេកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែភាគីជនរងគ្រោះបានកាប់ប្រហារ។ សរុបមកនៅក្នុងហេតុការណ៍នោះ មានអ្នកស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់។
សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យមាន បាញ់ប្រហារ រហូតស្លាប់មេភូមិទី៤ និងកូនប្រុស ខណៈក្មួយប្រុស រងរបួសធ្ងន់ ហើយបានស្លាប់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១នោះ ផ្តើមចេញពីជម្លោះ ទារថ្លៃអំពូលភ្លើងដាក់បំភ្លឺផ្លូវ។ ជនរងគ្រោះទី១ឈ្មោះ ជុក ឡាយ អាយុ៦២ឆ្នាំជាប្រធានភូមិទី៤ កូនប្រុសឈ្មោះ ប៊ុន លឿន អាយុ១៨ឆ្នាំ និងក្មួយប្រុសម្នាក់ឈ្មោះ ប៊ុន ប្ញទ្ឋី អាយុ៣០ឆ្នាំ។
ដោយឡែក ជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងនគរបាល ចាប់ខ្លួនទី១ ឈ្មោះ កែវ វណ្ណរិទ្ធ អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាល នៅក្រសួងមហាផ្ទៃ ជាម្ចាស់ផ្ទះកើតហេតុ និងទី២ជាបងប្រុសឈ្មោះ កែវ សុវណ្ណារ៉ា។
សាច់ញាតិជនរងគ្រោះដែលស្លាប់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជុក ឡាយ បានទៅទារថ្លៃដាក់អំពូលភ្លើងបំភ្លឺផ្លូវ ដោយមុខផ្ទះនរណា អ្នកនោះ ជាអ្នកចេញថ្លៃ ចំនួន៥០ដុល្លារ ប៉ុន្តែភាគីម្ចាស់ផ្ទះមិនព្រមឲ្យគ្រប់ចំនួន ពោលឲ្យតែ២៥ដុល្លារ ទើបបង្កជម្លោះតែម្តង។ នៅពេលបង្កជម្លោះនោះ ស្រាប់តែភាគីជនសង្ស័យបានបាញ់រះ មកលើក្រុមជនរងគ្រោះបណ្តាលឲ្យ ត្រូវលោកមេភូមិរហូត៥គ្រាប់ បណ្តាលឲ្យស្លាប់ ខណៈកូនប្រុសស្លាប់តាមក្រោយ ហើយក្មួយប្រុសរងរបួសធ្ងន់។ ប៉ុន្តែសម្រាប់សាច់ញតិ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅពេលជម្លោះនោះ ជនរងគ្រោះបានយកដាវបម្រុងកាប់ ទើបជនសង្ស័យមានបំណងការពារខ្លួន រហូតបាញ់តែម្តង។ ក្រោយកើតហេតុគេឃើញកម្លាំងនគរបាលមានស្នងការរង អធិការខណ្ឌ និងកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះទៅសួរនាំ និងធ្វើការស្រាវជ្រាវបន្ត ៕