តាកែវ៖ សមត្ថកិច្ចក្រុងដូនកែវបានឃាត់ខ្លួនមនុស្ស១៣នាក់ នារសៀលថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១៥ ក្នុងនោះស្រី៣នាក់ ដែលធ្វើសកម្មភាពលក់ផលិតផលទឹកអប់និងចាប់រង្វាន់ បោកប្រាស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិតានូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ត តាកែវ។
យោងតាមសេចក្ដីរាយការណ៍របស់លោកអនុសេនីយ៍ត្រី ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ដោយមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ និងតាមដីកាចាប់ខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានធ្វើសកម្មភាពស្ទាក់ចាប់ក្រុមជនសង្ស័យទាំងនោះ ដែលកំពុងដើរលក់ផលិតផលទឹកអប់ និងមានការចាប់រង្វាន់ នៅចំណុចភូមិតានូ ខេត្តតាកែវ ។
តាមសេចក្ដីរាយការណ៍បន្ថែម របស់ប្រជាពលរដ្ឋជុំវិញករណីនេះបានអោយដឹងថា ក្រុមជនសង្ស័យបានលក់ផលិតផលទឹកអប់ និងមានការចាប់រង្វាន់ បើឈ្នះត្រូវទទួលបាននូវ ប្រាក់ ១ ០០០ ០០០ (មួយលាន) រៀល ទូរទស្សន៍១គ្រឿង ទូរស័ព្ទដៃម៉ាកសាមសុង១គ្រឿង ប៉ុន្ដែនៅពេលប្រជាពលរដ្ឋឈ្នះរង្វាន់ បែរជាគេមិនអោយ ព្រមទាំងនិយាយថាបើនរណាចង់បានត្រូវបង់ប្រាក់ជាមុនចំនួន ២៥០ ០០០ (ម្ភៃប្រាំម៉ឺន) រៀល ទើបក្រុមហ៊ុនបើករង្វាន់ឲ្យ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿង ទឹកអប់ជាច្រើនប្រភេទ និងទូរស័ព្ទជាច្រើនគ្រឿង ចំណែក ជនសង្ស័យទាំងអស់នោះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចក្រុងដូនកែវ ធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការបន្ត៕