កណ្តាល៖ មន្ត្រីនគរបាលម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈដែលបើកម៉ូតូប្រដេញរថយន្ត តែអកុសលត្រូវរថយន្ត១គ្រឿងទៀត បុកចំពីក្រោយអូសជាង៥០ម៉ែត្រ។ ហេតុកការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវក្រាលគ្រួសក្រហមបាសិទ្ធិបាក់ដឹង ត្រង់ចំណុចភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុក បានឲ្យដឹងថា ករណីនេះបង្កឡើងរវាងរថយន្ត និងម៉ូតូ១គ្រឿងម៉ាក STR២៣០ ពណ៌ខៀវ ពាក់ស្លាកលេខ នគរបាល៧៧.៣៨ ជិះគ្នា២នាក់ ស្លៀកពាក់ឯកស្ថាននគរបាល។
លោកបន្តថា ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ កែវ សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ សៅ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ទាំង២នាក់ខាងលើ ជាមន្ត្រីនគរបាល នៅអធិការនគរបាលខណ្ឌព្រែកព្នៅ។
លោកបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដេញរថយន្តមិនស្គាល់ម៉ាក១គ្រឿង ទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចខាលើ ស្រាប់តែមានរថយន្ត១គ្រឿងទៀត មកបុកចំពីក្រោយអូសជាង៥០ម៉ែត្រ បណ្តាលឲ្យឈ្មោះ សៅ សំណាង ស្លាប់ រីឯម្នាក់ទៀតរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបង្កបើកគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុ រហូតមកដល់ពេលនេះ ទោះបីបានស្គាល់នូវអត្តសញ្ញាណជនបង្កខ្លះៗហើយក៏ដោយ ការស៊ើបអង្កេតករណីនេះហាក់បីដូចជា មិនទាន់មានពន្លឺនៅឡើយ ខណៈដែលអ្នកយកព័ត៌មានព្យាយាមទំនាក់ទំនងតែមិនមានអ្នកមកស្រាយ៕