កំពង់ចាម៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០០និង៣០នាទី យប់ មានករណីមនុស្សឃាតដោយចេតនា នៅចំណុចមុខផ្ទះរបស់ឈ្មោះ ទិត ទាង ភេទប្រុស អាយុ ៥៤ឆ្នាំ ក្នុងភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ បង្កឡើងដោយឈ្មោះ លុន ឡន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានយកប្រនង់ (គល់ឬស្សីពីងពួង) វាយទៅលើឈ្មោះ ទិត គុន្ធា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បណ្តាលអោយស្លាប់នៅនឹងមុខផ្ទះ ។
ផ្អែកតាមកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ទិត ទាង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្តឹងថា៖ នៅថ្ងៃទី ២១.១២.២១០១៥ វេលាម៉ោង ០០ និង៣០នាទីយប់ ឈ្មោះ លុន ឡន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានស្រែកហៅកូនរបស់ខ្លួនឈ្មោះ ទិត គុន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ អោយចុះពីលើផ្ទះហើយបានប្រតាយប្រតបគ្នា ឈ្មោះលុន ឡន បានទាញប្រនង់វាយទៅលើកូនរបស់ខ្លួនបណ្តាលអោយដួលដេកសន្លប់នៅលើដី បន្ទាប់មកបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ផ្អែកតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលេស់នៅក្បែរនោះ បានបំភ្លឺប្រហាក់ប្រហែលគ្នាថា៖ នៅថ្ងៃទី ២១.១២.២០១៥ វេលាម៉ោងប្រហែល ២៣:៣០នាទី ឈ្មោះ ទិត គុន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ បានត្រឡប់មកពីពិធីមង្គលការកូនរបស់ឈ្មោះ ប៉ា ទិត នៅភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយឈ្មោះ ទិត គុន្ធា បានឡើងមកដេកលើផ្ទះដោយស្រវឹងស្រាខ្លាំង ឈ្មោះ គុន្ធាបានក្អួត ហើយឈ្មោះ នង សាន ជាប្រពន្ធបានលាងកំអួត អោយឈ្មោះ ទិត គុន្ធា ដេកក្នុងមុង នៅម៉ោងប្រហែល ២៤ ឈ្មោះលុន ឡន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដើរចូលមកក្រោមផ្ទះ ហើយស្រែកហៅប្តីរបស់ឈ្មោះ នង សាន អោយចុះមកដីហើយបបួលវាយគ្នាហើយឈ្មោះ នង សាន បានចាប់ឃាត់ប្តីរបស់ខ្លួនមិនអោយចុះដី និងបានស្រែកដេញអោយឈ្មោះ លុន ឡន អោយចេញទៅស្រវឹងហើយហៅគេទៅវាយគ្នាធ្វើអី ហើយឈ្មោះ លុន ឡន បានចេញទៅបាត់ទៅ ។
លុះដល់ម៉ោងប្រហែល ០០និង៣០នាទី ថ្ងៃទី២១.១២.២០១៥ ឈ្មោះ លុន ឡន បានត្រឡប់មកម្តងទៀត ហើយបានស្រែកហៅឈ្មោះ ទិត គុន្ធា អោយចុះមកដីបបួលវាយគ្នាម្តងទៀត លឺឈ្មោះ លុន ឡន ស្រែកហៅឈ្មោះ ទិត គុន្ធា ក៏ចុះមកដីដោយប្រពន្ធឃាត់មិនឈ្នះ ក៏ចុះមកតាមដោយឃើញឈ្មោះ លុន ឡន ឈរនៅមុខផ្ទះដោយស្លៀកខោជើងខ្លី អាវយឺតដៃខ្លី ឆ្នូតបង្កង់ ហើយដៃមានកាន់ព្រនង់ ឈ្មោះ នង សាន មើលឃើញច្បាស់ដោយសារខ្លួនច្របាច់ពិលគោមបំភ្លឺចំឈ្មោះ លុន ឡន ពេលនោះឈ្មោះ ទិត គុន្ធា បានដើរចូលទៅជិត ស្រាប់តែឈ្មោះលុន ឡន យកព្រនង់ដែលកាន់នឹងដៃវាយសន្ធប់មកលើឈ្មោះ ទិត គុន្ធា ដោយឈ្មោះ ទិត គុន្ធា តដៃមិនកើត ហើយបានដួលទៅលើដី ។
បន្ទាប់មក ឈ្មោះ លុន ឡន បានសួរឈ្មោះ ទិត គុន្ធា ថា៖ រ៉ែងរាងហើយរឺនៅ ឈ្មោះទិត គុន្ធា បានឆ្លើយថា រាងហើយខ្ញុំខ្លាចហើយ និយាយរួចឈ្មោះ លុន ឡន បានវាយទៅលើឈ្មោះ ទិត គុន្ធា ០២ទៅ០៣ព្រនង់ទៀត ពេលនោះអ្នកជិតខាង ក៏បានមកជួយឃាត់ ឈ្មោះ លុន ឡន ចេញ តែឈ្មោះ លុន ឡន បានធាក់ចំក្បាលឈ្មោះ ទិត គុន្ធា ចំនួន០២ជើងទៀត ឈ្មោះ នង សាន និងអ្នកជិតខាងបានទាញឈ្មោះ លុន ឡន អោយចេញទៅក្រៅ ហើយឈ្មោះលុន ឡន បានដើរចេញទៅផ្ទះទៅ ។
ចំណែកឈ្មោះ នង សាន បានទៅលើកប្តីឈ្មោះ ទិត គុន្ធា ហើយបានស្ទាបដង្ហើមទើបដឹងថាប្តីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលនោះឈ្មោះ នង សាន បានយកទូរស័ព្ទតេទៅប្រាប់ឪពុកក្មេកឈ្មោះ ទិត ទាង នៅភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រាប់អោយគាត់ដឹង ហើយឪពុកក្មេករបស់ឈ្មោះ នង សាន បានមកដល់ ហើយដឹងថាកូនរបស់គាត់ស្លាប់ ក៏បានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប ។
ផ្អែកតាមការបំភ្លឺរបស់អ្នកជិតខាងម្នាក់ដែលបានមកជួយនាពេលនោះ បានអោយដឹងថា៖ នៅវេលាម៉ោងប្រហែល០០និង៣០នាទី ថ្ងៃទី២១.១២.២០១៥ ខ្លួនបានចេញពីរោងការ ផ្ទះឈ្មោះ ប៉ា ទិត ភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើរមកផ្ទះរបស់ខ្លួន លុះដើរមកដល់មុខផ្ទះរបស់ឈ្មោះ ទិត គុន្ធា ខ្លួនបានឃើញឈ្មោះ លុន ឡន មានព្រនង់កាន់នៅនឹងដៃ កំពុងប្រតាយប្រតបគ្នាជាមួយឈ្មោះ នង សាន ហើយខ្លួនក៏ចូលទៅជួយឃើញឈ្មោះ ទិត គុន្ធា ដេកនៅលើដី ហើយខ្លួនបានចាប់ឈ្មោះ លុន ឡន យកព្រនង់ចេញ ហើយខ្លួនចាប់ទាញដៃឈ្មោះ លុន ឡន ដើរចេញមកដល់ផ្លូវលំមុខផ្ទះឈ្មោះ ភឹម ឡាក់ ឈ្មោះ លុន ឡន ក៏ដើរទៅបាត់ទៅ ខ្លួនក៏ដើរទៅផ្ទះរបស់ខ្លួន
ចូលដេក លុះដល់ព្រឹកឡើង ទើបខ្លួនដឹងថា ឈ្មោះ ទិត គុន្ធា ស្លាប់ ។
ផ្អែកតាមចម្លើយរបស់ឈ្មោះ លុន ឡន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឆ្លើយសារភាពថា៖ នៅថ្ងៃទី ២០.១២.២០១៥ វេលាម៉ោងប្រហែល ២០ខ្លួនបានចេញពីផ្ទះទៅមើលគេរាំការ នៅភូមិ កំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ទៅដល់ចំណុចផ្ទះ
ពេទ្យរីន ទល់មុខផ្ទះរោងការមានឈ្មោះ បេន ហេង ឈ្មោះបេន ផាត ជាបងប្អូន និងឈ្មោះលុន ឃាង ជាប្អូនបង្កើតរបស់ខ្លួនបានបបួលឡើងលើផ្ទះផឹកស៊ីនៅផ្ទះពេទ្យរីន ផឹកស្រាបៀរកម្ពុជាអស់ជាង ០១កេះ ផឹកប្រហែលរយៈ ០២ម៉ោង ទើបបំបែកគ្នាចុះទៅមើលគេរាំ បានចូលទៅអង្គុយក្នុងតុរោងការជាមួយឈ្មោះ ទឹម ថៃ ឈ្មោះ ទឹម ថេង នៅភូមិឃុំជាមួយគ្នា ដល់ម៉ោងប្រហែល ២៤ រំលងអាធ្រាត្រខ្លួនមានភាពស្រវឹងស្រាយ៉ាងខ្លាំង ក៏ត្រឡប់ទៅផ្ទះដោយដើរតាមច្រកផ្លូវមុខផ្ទះរបស់ឈ្មោះ ទិត គុន្ធា ពេលនោះឈ្មោះ ទិត គុន្ធា បានជេរខ្លួនថា៖ អាឡន អាឆ្កែ ពេលនោះខ្លួនខឹង ដោយកន្លងមកឈ្មោះនេះធ្លាប់ប្រមាថខ្លួនជាញឹកញាប់ ហើយខ្លួនក៏ស្រែកគំរាមថា៖ អាឆ្កែ អញវាយរ៉ែងចុយម្រាយឥឡូវ ។
ស្រាប់តែពេលនោះឈ្មោះ ទិត គុន្ធា ស្ទុះមកវាយខ្លួនចំនួន ០២ទៅ០៣ដៃ ត្រូវចំត្របកភ្នែក ចិញ្ចើមខាងស្តាំ និងថ្គាមខាងស្តាំ បណ្តាលអោយដួលទៅនឹងដី ខ្លួនក៏ស្ទុះងើបមកវិញ ខ្លួនខឹងពេកក៏ស្ទុះទៅទាញព្រនង់ពីព្រុំរបងខាងកើតផ្ទះឈ្មោះ ទិត គុន្ធា មានបំណងវាយភ្លាមទៅលើឈ្មោះ ទិត គុន្ធា ប៉ុន្តែមានឈ្មោះ ពុំ សាវ៉ាត និងប្រពន្ធ ព្រមទាំងម្តាយរបស់ឈ្មោះ ទិត គុន្ធា ជួយឃាត់ទាញខ្លួនចេញ តែខ្លួនមិនព្រមស្តាប់អ្នកទាំងពីរទេ ខ្លួនបានវាយទៅលើឈ្មោះ ទិត គុន្ធា មិនដឹងត្រូវប៉ុន្មានព្រនង់ទេ ហើយឈ្មោះ ទិត គុន្ធា ដួលដេកទៅនឹងដី មិនដឹងថាសន្លប់រឺស្លាប់ទេ ។
ពេលនោះខ្លួនក៏បោះប្រនង់ចោលនៅទីនោះ ខ្លួនក៏ដើរចេញទៅផ្ទះដោយដើរវាងតាមផ្ទះឈ្មោះ យីម យ៉ុន ដោយមិនហ៊ានចូលផ្ទះខ្លួនភ្លាមទេ ។ ពេលចូលផ្ទះប្រពន្ធខ្លួនបានប្រាប់ថា៖ មានឈ្មោះ ពុំ សាវ៉ាត មកប្រាប់ថាប៉ូលីសមករកបងឡនឯង ថា ៖បងឡនឯងមានរឿងវាយគេ ក្រោយមកខ្លួនបានឈរនៅមុខផ្ទះខ្លួនមួយស្ទុះ ។ លុះដល់ម៉ោងប្រហែល ០១ និង៣០នាទី ថ្ងៃទី២១.១២.២០១៥ ក៏ឃើញកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប និងកំលាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន មកធ្វើការឃាត់ខ្លួនបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកកោះសូទិនតែម្តង ៕