បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ហាញមុខយុវជន៣នាក់ដែលបានប្រើប្រាស់គ្រឿងញៀននិងចាប់រំលោភនារីបំរើការងារនៅកាស៊ីណូក្រុងប៉ោយប៉ែត។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ដោយមានពាក្យបណ្ដឹងរបស់ឈ្មោះ រ័ត្ន ឌីណា ភេទស្រី អាយុ២៤ឆ្នាំ បំរើការងារជាបុគ្គលិកកាស៊ីណូនៅក្រុងប៉ោប៉ែត ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៣ទៀបភ្លឺ នៅពេលដែលរូបនាងចេញពីធ្វើការបានជិះម៉ូតូតាមចំណុចរ៉ាចាស់ នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ស្រាប់តែមានបុរសម្នាក់ឈ្មោះ សោ ពេទ្យ អាយុ២២ឆ្នាំ នៅភូមិសង្កាត់ជាមួយគ្នា បានមកស្ទាក់ចាប់នាងដោយមានកាំបិតនិងកាំភ្លើង យកមកគំរាមនាងអោយនាងប្រើប្រាស់ថ្នាំញៀន ។
ពេលនោះមានគ្នា២នាក់ទៀតមកចាប់បញ្ច្រកថ្នាំញៀនទៅក្នុងមាត់ ធ្វើអោយវង្វេងស្មារតីរួចពួកគេបានព្រួតចាប់រំលោភនាងរហូតបានសំរេច ហើយបាននាំគ្នារត់គេចខ្លួនបាត់។ បន្ទាប់ពីស្វាងជាតិថ្នាំនាងបានទៅប្ដឹងសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះប្រមាញ់តាម រហូតទល់ម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ទើបចាប់ខ្លួនបានទាំង៣នាក់នៅត្រង់វត្តប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។
ជនល្មើសទាំង៣នាក់ដែលសមត្ថកិច្ចចាប់បានមានឈ្មោះ សោ ពេទ្យ ភេទប្រុស អាយុ២២ឆ្នាំ ម្នាក់ទៀតឈ្មោះ រ៉ា ថុល ភេទប្រុសអាយុ១៨ឆ្នាំ និងឈ្មោះ តឹក ចិម ភេទប្រុស អាយុ២០ឆ្នាំ ជនល្មើសទាំង៣នេះ មានទីលំនៅភូមិជាមួយនារីរងគ្រោះ។
បច្ចុប្បន្ន នារីរងគ្រោះកំពុងសំរាកព្យាបាលបន្សាបសារធាតុញៀននៅពេទ្យឯឝជនក្រុងប៉ោយប៉ែត រីឯជនល្មើសអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមច្បាប់៕ដោយ មែន កំសត់