ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខមេចោរជំនាញលួច ឆក់ ប្លន់ និងកាត់សោរម៉ូតូ ដែលចាប់បាននៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមចំលើយសារភាពមេចោរជំនាញនេះបានឲ្យដឹងថា ខ្លួនមានឈ្មោះ យ៉ាន រស្មី ហៅឡី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ហើយខ្លួនមានបក្សពួក៤នាក់ទៀត តែត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកាលពីពេលថ្មីៗកន្លងទៅនេះ សុទ្ធសឹងជាអ្នកជំនាញប្លន់ ឆក់ លួច និងកាត់សោរម៉ូតូហើយខ្លួនក៏ធ្លាប់ជាប់គុកបាន ៦ខែ ដែរ ។
សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពីចាប់ខ្លួនមេចោររូបនេះ យើងក៏បានធ្វើការស្រាវជ្រាវរកឃើញនូវសំភារៈមួយចំនួន និងម៉ូតូចំនួន៩គ្រឿង ដែលស្ដុកទុកបំរុងលក់។
បច្ចុប្បន្នមេចោររូបនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកម៉ូតូ សមត្ថកិច្ចក៏បានធ្វើសេចក្ដីប្រកាសជូនដំណឹងដល់ម្ចាស់ម៉ូតូដែលបាត់ មេត្តាមកពិនិត្យម៉ូតូដោយភ្ជាប់នូវឯកសារសំគាល់មកជាមួយផង នៅបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕