ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនចោរឆក់ម្នាក់ ក្នុងចំណោមគ្នា២នាក់ទើបតែបែករឿងថា ជនសង្ស័យដែលមានសំណាងគេចខ្លួនរួចនោះ ជាកូនបង្កើតរបស់ស្ត្រីពាក់សក្ដិ៤ ជានគរបាលអគ្គនាយកដ្ឋានភស្តុភារ ដែលគំរាមបាញ់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ក្នុងពេលចុះមកកាងម៉ូតូចោរមិនបាន សម្រេចដូចបំណងនោះ។
កម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ សហការជាមួយផ្នែកកម្លាំងយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងចំណោម០២នាក់ កាលពីវេលាម៉ោង១៩និង៥០នាទី យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ពីបទប៉ុនប៉ងលួច (ឆក់កាបូបស្ពាយមិនបានសម្រេច) ត្រង់ចំណុចមុខវត្តឧណ្ណាលោមផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ូ វៃតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅ ភូមិតាព្រុំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកបក្សពួកជនល្មើសម្នាក់ទៀតដែលគេចខ្លួនបាត់នោះឈ្មោះ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ លូអីសណាឌីន (Lois Nadine) ភេទស្រី អាយុ៧០ឆ្នាំ ជាជនជាតិអង់គ្លេសស្នាក់នៅផ្ទះសំណាក់យីហោ ហាម៉ានី ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ត្រូវជនសង្ស័យឆក់កាបូបមិនបានសម្រេចខណៈពេលដើរថ្មើរជើងជាមួយប្តី បណ្តាល ឲ្យដួលត្រឡប់ត្រឡិនរងរបួសស្រាល។
សមត្ថកិច្ចបានបន្ដថា ក្រោយសាកសួរជនសង្ស័យដែលឃាត់ខ្លួននោះបានឆ្លើយសារភាពថា ជនបក្សពួករបស់គេដែលជិះម៉ូតូគេចខ្លួនឈ្មោះ ម៉ៅ រូបនោះ គឺជាកូនរបស់មន្ត្រីនគរបាលពាក់សក្ដិ៤ ភេទស្រី ដែលគំរាមសម្លាប់អភិបាលខណ្ឌដូនពេញ និងធ្លាប់ទៅធានាយកម៉ូតូរបស់មុខសញ្ញាឆក់ ឈ្មោះទី នៅអាវុធហត្ថខណ្ឌដូនពេញ ផងដែរ។ ហើយប៉ូលីសសក្ដិ៤នោះ មានកូនប្រុស៣នាក់ គឺសុទ្ធតែជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយកំពុងជួលផ្ទះរស់នៅក្នុងប្លុកវត្តថាន់។
សមត្ថកិច្ចបញ្ជាក់ទៀតថាជនសង្ស័យដែលគេចខ្លួននោះកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ មែន កំសត់