ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុបានលើកឡើងថា លូទឹកស្អុយនៅតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ មុខអនុវិទ្យាល័យសម្ដេចឪ ស្ទះរាប់ខែឆ្នាំមកហើយ វាតែងតែផុលហូរចូលទៅក្នុងបរិវេណអនុវិទ្យាល័យសម្ដេចឪ ពេលមានភ្លៀង ជះក្លិនស្អុយ ប៉ះពាល់បរិស្ថាន រំខានដល់ការសិក្សារបស់ក្មេងៗ ។
ជាមួយគ្នានេះលោកគ្រូ សរ ថុល បង្រៀននៅអនុវិទ្យាល័យសម្ដេចឪ មានប្រសាសន៍ថា កន្លងមកលោកធ្លាប់ជំរាបទៅនាយកសាលាស្នើអន្តរគមន៍ដែរ ប៉ុន្តែមិនមានទទួលបានលទ្ធផលអ្វីសោះ ទើបលើកនេះ តាមរយៈទូរទស្សន៍ស៊ីធីអិន លោកស្នើសុំមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ មេត្តាពិនិត្យ និង ជួសជុលលូនោះផង ។
ក្រោយពីសុំការបំភ្លឺ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍តាមទូរស័ព្ទថា លោកនឹងទៅពិនិត្យទីតាំងនោះ បន្ទាប់មកធ្វើការជួសជុល ៕