ត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឡើងដោយរថយន្តយីឌុបដឹកគ្រឿងសំណង់បានបើកទៅបុក ស្ត្រីម្នាក់ដែលកំពុងបើកបរម៉ូតូម្នាក់ឯងពីក្រោយបណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម ដោយសាកសពខ្ទេចខ្ទីជាបំណែក។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៧ ចំណុចភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ទាក់ទងនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកអធិការនគរបាលស្រុកត្បូងឃ្មុំ ស៊ួស ស៊ាងលី ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺព័ត៌មាននេះបានទេ ដោយទូរសព្ទទៅលោក លោកបានឆ្លើយថាមិនបាច់ផ្សាយទេនាំតែរញ៉េរញ៉ៃ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះតូចដែរទេ! ជាងនេះទៅទៀតលោកអធិការរូបនេះក៏បានបញ្ជាទៅមន្ត្រីប៉ូលីសមិនឲ្យផ្តល់ព័ត៌មានដល់អ្នកកាសែតដែរ នេះបើតាមការអះអាងរបស់លោក ម៉ុន ចន្ធី នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។
លោក ម៉ុន ចន្ធី មន្ត្រីប៉ូលីសបានប្រាប់ថា មេមិនចង់ឲ្យប្រាប់អ្នកកាសែតទេនាំតែរញ៉េរញ៉ៃ ពិបាកដោះស្រាយ។
ប៉ុន្តែតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ម៉ុន គន្ធី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានមុខរបរដើរទិញស្រូវលក់ ។
មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះបើកបរម៉ូតូ ម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-2048 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុគេបានឃើញរថយន្ត៥ភ្លៅ (យីឌុប) ពាក់ស្លាកលេខ ភ្នំពេញ 3C-0777 បើកមកពីក្រោយមកបុកម៉ូតូស្ត្រីរងគ្រោះ រួចហើយកិនអូសសាកសពជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ ចំណែកសាកសពខ្ទេចខ្ទីជាបំបែក មើលទៅគួឲ្យរន្ធត់ជាទីបំផុត ចំណែកអ្នកបើកបររថយន្តបង្កក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
ករណីនេះក្រោយកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅក្រុមគ្រួសារយកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី ៕