តំណាង​ក្លឹប​ថា​«​អាជ្ញាធរ​ខណ្ឌ​ហឹ្ន​ង​ប្រយ័ត្ន​ជ្រុះ​ស័ក្តិ​» ខណៈ​ឃាត់​អប់រំ​សិស្ស ២៧​នាក់ ច្រៀង​ពពាក់ពពូន​នៅ​ក្លឹប​

26-December-2015 | ដោយ ពល រាជសី

​ភ្នំពេញ​៖ «​អាជ្ញាធរ​ខណ្ឌ​ហឹ្ន​ង​ប្រយ័ត្ន​ជ្រុះ​ស័ក្តិ​» នេះជាការព្រមានមកលើអាជ្ញាធររបស់តំណាង​ក្លឹប​«​ដឺ ហាប់ ខារ៉ាអូខេ​គ្រួសារ​» ខណៈអាជ្ញាធរ និង​កម្លាំង​អាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ ចុះ​ឃាត់​អប់រំ​សិស្ស ២៧​នាក់ ដែលកំពុងច្រៀង​ពពាក់ពពូន​នៅ​ក្លឹប​កណ្តាលថ្ងៃ។

នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ អាជ្ញាធរ និង​កម្លាំង​អាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ​លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ បាន​ចុះទៅ​ឃាត់​ក្មេងៗ​សិស្សសាលា​ចំនួន​២៧​នាក់ មាន​ស្រី​មាន​ប្រុស​ភាគច្រើន​មិនទាន់​គ្រប់​អាយុ ខណៈ​ពួកគេ​កំពុង​ចូល​ច្រៀង​នៅ​ក្លឹប «​ដឺ ហាប់ ខារ៉ាអូខេ​គ្រួសារ​» ទាំង​ថ្ងៃ ស្ថិតនៅ​តាមផ្លូវ​ម៉ាស៊ីនទឹក ក្រុមទី​៦ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ អាជ្ញាធរ​ខណ្ឌ​បើក​ប្រតិបត្តិ​ការចុះទៅ​ឃាត់ ខ្លួន​ក្មេង​សិស្សសាលា​មាន​ស្រី​មាន​ប្រុស នៅក្នុង​ក្លឹប​មួយ​នេះ ដោយសារ​តែមាន​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ដែលជា​អ​ណា​ព្យាបាល​ថា កូនៗ​របស់ខ្លួន មិនសូវ​បាន​ចូលរៀន​នោះទេ ដោយសារតែ​ពួកគេ​បាននាំគ្នា​ទៅ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​លើ​នេះ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។​

​សិស្សសាលា​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​អះអាងថា រៀន​នៅតាម​វិទ្យាល័យ​មួយចំនួន​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ហើយ​ពួកគេ​មិនសូវ​បាន​ចូលរៀន​នោះឡើយ ដោយ​នាំគ្នា​មក​ចូល​ច្រៀង​យ៉ាង​ពពាក់ពពូន​យ៉ាង​ដូច្នេះ​។ សកម្មភាព​បែបនេះ ដោយសារតែ​ខាង​ម្ចាស់​ក្លឹប បាន​បណ្តែតបណ្តោយ​ដោយ​ពុំបាន​ហាមឃាត់​នោះទេ​។

​ម្ចាស់​ក្លឹប​មួយ​នេះ​មាន​តួនាទី​ជា​ជំនួយការ​របស់​រដ្ឋមន្ត្រី​មួយរូប ហើយ​នៅពេល​កំពុង​ប្រតិបត្តិការ​នោះ ស្រាប់​តែមាន​តំណាង​ក្លឹប​ម្នាក់​ចេញមក ប្រើពាក្យ​សម្តី​ព្រមាន​ថា «​អាជ្ញាធរ​ខណ្ឌ​ហឹ្ន​ង​ប្រយ័ត្ន​ជ្រុះ​ស័ក្តិ​»​។​

​យ៉ាងណាក៏ដោយ សម្រាប់​ក្មេង​សិស្ស​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ដោះលែង​ត្រឡប់​ទៅវិញ ក្រោយពី​អប់រំ និង​មានការ​ធានា​ពី​ឪពុកម្តាយ​របស់​ពួកគេ​។​

​ដោយឡែក ក្លឹប​មួយ​នេះ អាជ្ញាធរ​ខណ្ឌ ក្រោម​បញ្ជា​ពី​លោក ឃ្លាំង ហួត ជា​អភិបាលខណ្ឌ បានសម្រេច​បិទ​ចោល​ជា​បណ្តោះអាសន្ន រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

ចំនួនអ្នកទស្សនា

    20496687

  • ថ្ងៃនេះ4401
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32351
  • ខែនេះ54231
  • ឆ្នាំនេះ54231
  • សរុប20496687