ភ្នំពេញ៖ អំណាចភ្លើងបានឆេះបំផ្លាញរថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 មួយគ្រឿងខ្ទេចគ្មានសល់ ពោលនៅតែគ្រោងដែកប៉ុណ្ណោះ ក្រោយពីរថយន្តមួយគ្រឿងនេះ បានបើកទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រប៉ាត់រប៉ាយ ពេញផ្លូវអស់ចំនួន១៣ផ្ទាំង រួចហើយម្ចាស់រថយន្តបើកទាំងអូសរនាំងដែកនៅក្រោមរថយន្ត រហូតបានចំងាយប្រមាណ២០០ម៉ែត្រ ក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
ករណីដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាអ្នកដំណើរយ៉ាងច្រើននោះ បានកើតឡើងនៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ។បន្ទាប់ពីបុករនាំងដែកហើយម្ចាស់រថយន្ត បានព្យាយាមបើករត់ទៅមុខទាំងមានជាប់រនាំងដែក នៅក្រោមរថយន្តមកជាមួយផង ប៉ុន្តែបើកបានជាង២០០ម៉ែត្រ ពោលត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា ស្រាប់តែរថយន្តបានផ្ទុះឆេះចេញអណ្តាតភ្លើងយ៉ាងក្រហមឆ្អិនឆ្អៅ តែសំំណាងល្អម្ចាស់រថយន្តបានបើកទ្វារត់ចេញទាន់ មិនបណ្តាលឲ្យរងរបួសនោះទេ។ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានទៅជួយបាញ់ពន្លត់ តែដោយសារអំណាចនៃភ្លើងខ្លាំងពេក បានធ្វើឲ្យរថយន្តឆេះគ្មានសល់។ក្រោយភ្លើងរលត់ទាំងស្រុង រថយន្តដែលឆេះត្រូវបាន សមត្ថកិច្ចស្ទួចយកទៅទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបរឲ្យទទួលសងសំណង នៃការខូចខាតទ្រព្យសម្បត្តិរដ្ឋ៕