កណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកប្រតិបតិ្តការភ្លាមៗ ដេញបង្ក្រាបក្រុមចោរប្លន់ បានចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ម៉ូតូ ពីនិស្សិតម្នាក់នៅចំណុចផ្លូវលំ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។
សាក្សីបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ ជិះម៉ូតូ២គ្រឿង បានស្រែកគំរាម និងធាក់ផ្តួលម៉ូតូជនរងគ្រោះ ឈ្មោះ ទិន ប៊ុនហៃ ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិត រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។
សាក្សីបន្ត ក្រោយក្រុមចោរទាំសងនេះធ្វើសកម្មភាពភ្លាម កម្លាំងអាវុធបានបើកប្រតិបត្តិការដេញបង្ក្រាបភ្លាមៗ បានជនសង្ស័យ២នាក់ នៅចំណុចភូមិព្រៃចាស់ ដោយដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញ ម៉ាកស្កុបពី កាបូបជនរងគ្រោះ និងម៉ូតូដែលពួកវាជិះធ្វើសកម្មភាព ម៉ាកសេ១២៥ ពណ៌ខ្មៅ កំពង់ឆ្នាំង 1A-7424 ខណ:ដែលជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កណ្តាល 1P-8136 គេចខ្លួនបាត់។
អាវុធហត្ថខេត្តកណ្តាលឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សេង ប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះចំការ ឃុំបឹង សាឡាង ស្រុកកំពង់ត្រាច ខេត្តកំពត និងជនសង្ស័យទី២ឈ្មោះ គឿន ចាន់ធឿន អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដងទុង ស្រុកដងទុង ខេត្តកោះកុង ។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលបើកម៉ូតូគេចខ្លួននោះ ឈ្មោះ ធី អាយុ២៨ឆ្នាំ រស់នៅខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានមន្ត្រីអាវុធហត្ថស្រុកខ្សាច់កណ្តាល កំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
បញ្ហាសន្តិសុខរបស់ប្រជាពលរដ្ឋ នៅតំបន់មួយចំនួនហាក់ធ្លាក់ចុះ និងបង្កជាការព្រួយបារម្ម នៅចុងឆ្នាំ២០១៥នេះ៕