ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារសាច់ញាតិរបស់ខ្លួនជាន់ហ្គារថយន្ត ច្រឡំថាហ្វ្រាំងស្ទុះទៅបុកពេញទំហឹងពេលពួកគេកំពុងផឹកស៊ីមុខផ្ទះ នាម៉ោងប្រមាណ ០៩ និង៤០នាទី យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការរាយការណ៍របស់សាច់ញាតិជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិ២ទៅ៣នាក់ទៀត បានអង្គុយផឹកស៊ីនៅមុខផ្ទះ កន្លែងកើតហេតុ។ ពេលកំពុងអង្គុយផឹកស៊ីនោះ ក៏មានសាច់ញាតិរបស់ខ្លួន បើករថយន្ត Camry ឆ្លាម ស្លាកលេខភ្នំពេញ 2AH-5306 យកមកទុកជិតជនរងគ្រោះដែលអង្គុយផឹកស៊ី។
តែជាអកុសលពេលកំពុងបើករថយន្តចូលចតមុខផ្ទះនោះ ស្រាប់តែម្ចាស់រថយន្តបានជាន់ហ្រាំ្វងឲ្យឈប់ បែរជាច្រលំជាន់ហ្គា ធ្វើឲ្យរថយន្តហោះទៅបុកជនរងគ្រោះ កំពុងអង្គុយផឹកទៅផ្ទុបរថយន្តសាំយ៉ុងមួយគ្រឿងទៀតបណ្តាលឲ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗ នៅក្រោមរថយន្តតែម្តងរីឯមិត្តភក្តិម្នាក់ទៀតរងបួសស្រាល។
បន្ទាប់ពីបុកហើយម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្ត និងជនរងគ្រោះនៅកន្លែងកើតហេតុ។ បើតាមសាច់ញាតិបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហុង ថន អាយុ ៣៥ឆ្នាំ មុខរបរជាជាងថតរូបនៅវត្តភ្នំ និងមានស្រុក កំណើតនៅឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕